9. ពួកអ្នកដែលមកនៅម៉ោងប្រហែលប្រាំល្ងាច ម្នាក់ៗទទួលបានមួយឌេណារី។
10. ពួកអ្នកដែលមកមុនគេគិតថា ខ្លួននឹងទទួលបានលើសនោះ ប៉ុន្ដែម្នាក់ៗក៏ទទួលបានមួយឌេណារីដែរ។
11. ពួកគេទទួលយក ទាំងរអ៊ូរទាំដាក់ម្ចាស់ចម្ការ
12. ថា ពួកអ្នកមកក្រោយបង្អស់ទាំងនេះធ្វើការបានតែមួយម៉ោងទេ ប៉ុន្ដែលោកឲ្យឈ្នួលដល់ពួកគេស្មើនឹងយើង ដែលទ្រាំធ្វើការធ្ងន់ហាលថ្ងៃហាលក្ដៅពេញមួយថ្ងៃ។
13. ម្ចាស់ចម្ការក៏ឆ្លើយនឹងម្នាក់ក្នុងចំណោមពួកគេថា សម្លាញ់អើយ! ខ្ញុំមិនបានធ្វើខុសចំពោះអ្នកទេ តើអ្នកមិនបានព្រមព្រៀងជាមួយខ្ញុំថា ទទួលយកឈ្នួលមួយឌេណារីទេឬ?
14. ចូរយកឈ្នួលរបស់អ្នក ហើយចេញទៅ! ខ្ញុំចង់ឲ្យឈ្នួលដល់អ្នកមកក្រោយបង្អស់នេះស្មើនឹងអ្នកដែរ។
15. តើខ្ញុំគ្មានសិទ្ធិប្រើទ្រព្យសម្បត្ដិរបស់ខ្ញុំ ដើម្បីធ្វើអ្វីដែលខ្ញុំចង់ធ្វើទេឬ? ឬក៏ភ្នែករបស់អ្នកច្រណែន ព្រោះតែខ្ញុំល្អ?
16. ដូច្នេះ អ្នកនៅក្រោយបង្អស់នឹងត្រលប់ជានៅមុខគេ ឯអ្នកនៅមុខគេនឹងត្រលប់ជានៅក្រោយបង្អស់វិញ»។
17. កាលព្រះយេស៊ូកំពុងយាងឡើងទៅក្រុងយេរូសាឡិម ព្រះអង្គបាននាំសិស្សទាំងដប់ពីរទៅដាច់ឡែកពីគេ ហើយនៅតាមផ្លូវព្រះអង្គមានបន្ទូលទៅពួកគេថា៖
18. «មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេប្រគល់ទៅឲ្យពួកសម្ដេចសង្ឃ និងគ្រូវិន័យ រួចពួកគេនឹងកាត់ទោសប្រហារជីវិតលោក
19. ពួកគេនឹងប្រគល់លោកទៅឲ្យសាសន៍ដទៃ ដើម្បីឲ្យគេចំអក វាយនឹងខ្សែតី ហើយឆ្កាង ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
20. បន្ទាប់មក ប្រពន្ធលោកសេបេដេ និងកូនៗរបស់គាត់បានចូលមកថ្វាយបង្គំព្រះអង្គ ដើម្បីទូលសុំអ្វីម្យ៉ាងពីព្រះអង្គ
21. ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «តើអ្នកចង់បានអ្វី?» គាត់ទូលព្រះអង្គថា៖ «ខ្ញុំសូមឲ្យលោកសន្យាថា កូនប្រុសរបស់ខ្ញុំទាំងពីរនាក់នេះ នឹងបានអង្គុយក្បែរលោកនៅក្នុងនគររបស់លោក គឺម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង»។