5. ពួកគេក៏ទៅ។ គាត់ក៏ចេញទៅម្ដងទៀត នៅប្រហែលម៉ោងដប់ពីរថ្ងៃត្រង់ និងម៉ោងបីរសៀល គាត់ក៏ធ្វើដូចពីមុន។
6. នៅប្រហែលម៉ោងប្រាំល្ងាច ពេលគាត់ចេញទៅ ក៏ឃើញអ្នកផ្សេងទៀតកំពុងឈរ គាត់ក៏សួរពួកគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរមួយថ្ងៃវាល់ល្ងាចនៅទីនេះដូច្នេះ?
7. ពួកគេប្រាប់គាត់ថា ព្រោះគ្មានអ្នកណាជួលយើង។ គាត់ក៏ប្រាប់ពួកគេវិញថា ចូរអ្នករាល់គ្នាទៅឯចម្ការទំពាំងបាយជូរដែរចុះ។
8. លុះដល់ពេលល្ងាច ម្ចាស់ចម្ការទំពាំងបាយជូរក៏ប្រាប់មេការថា ចូរហៅកម្មករមក រួចឲ្យឈ្នួលដល់ពួកគេចាប់ពីអ្នកមកក្រោយបង្អស់រហូតដល់អ្នកមកមុនបង្អស់។
9. ពួកអ្នកដែលមកនៅម៉ោងប្រហែលប្រាំល្ងាច ម្នាក់ៗទទួលបានមួយឌេណារី។
10. ពួកអ្នកដែលមកមុនគេគិតថា ខ្លួននឹងទទួលបានលើសនោះ ប៉ុន្ដែម្នាក់ៗក៏ទទួលបានមួយឌេណារីដែរ។
11. ពួកគេទទួលយក ទាំងរអ៊ូរទាំដាក់ម្ចាស់ចម្ការ
12. ថា ពួកអ្នកមកក្រោយបង្អស់ទាំងនេះធ្វើការបានតែមួយម៉ោងទេ ប៉ុន្ដែលោកឲ្យឈ្នួលដល់ពួកគេស្មើនឹងយើង ដែលទ្រាំធ្វើការធ្ងន់ហាលថ្ងៃហាលក្ដៅពេញមួយថ្ងៃ។
13. ម្ចាស់ចម្ការក៏ឆ្លើយនឹងម្នាក់ក្នុងចំណោមពួកគេថា សម្លាញ់អើយ! ខ្ញុំមិនបានធ្វើខុសចំពោះអ្នកទេ តើអ្នកមិនបានព្រមព្រៀងជាមួយខ្ញុំថា ទទួលយកឈ្នួលមួយឌេណារីទេឬ?
14. ចូរយកឈ្នួលរបស់អ្នក ហើយចេញទៅ! ខ្ញុំចង់ឲ្យឈ្នួលដល់អ្នកមកក្រោយបង្អស់នេះស្មើនឹងអ្នកដែរ។
15. តើខ្ញុំគ្មានសិទ្ធិប្រើទ្រព្យសម្បត្ដិរបស់ខ្ញុំ ដើម្បីធ្វើអ្វីដែលខ្ញុំចង់ធ្វើទេឬ? ឬក៏ភ្នែករបស់អ្នកច្រណែន ព្រោះតែខ្ញុំល្អ?
16. ដូច្នេះ អ្នកនៅក្រោយបង្អស់នឹងត្រលប់ជានៅមុខគេ ឯអ្នកនៅមុខគេនឹងត្រលប់ជានៅក្រោយបង្អស់វិញ»។
17. កាលព្រះយេស៊ូកំពុងយាងឡើងទៅក្រុងយេរូសាឡិម ព្រះអង្គបាននាំសិស្សទាំងដប់ពីរទៅដាច់ឡែកពីគេ ហើយនៅតាមផ្លូវព្រះអង្គមានបន្ទូលទៅពួកគេថា៖
18. «មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេប្រគល់ទៅឲ្យពួកសម្ដេចសង្ឃ និងគ្រូវិន័យ រួចពួកគេនឹងកាត់ទោសប្រហារជីវិតលោក
19. ពួកគេនឹងប្រគល់លោកទៅឲ្យសាសន៍ដទៃ ដើម្បីឲ្យគេចំអក វាយនឹងខ្សែតី ហើយឆ្កាង ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
20. បន្ទាប់មក ប្រពន្ធលោកសេបេដេ និងកូនៗរបស់គាត់បានចូលមកថ្វាយបង្គំព្រះអង្គ ដើម្បីទូលសុំអ្វីម្យ៉ាងពីព្រះអង្គ