15. តើខ្ញុំគ្មានសិទ្ធិប្រើទ្រព្យសម្បត្ដិរបស់ខ្ញុំ ដើម្បីធ្វើអ្វីដែលខ្ញុំចង់ធ្វើទេឬ? ឬក៏ភ្នែករបស់អ្នកច្រណែន ព្រោះតែខ្ញុំល្អ?
16. ដូច្នេះ អ្នកនៅក្រោយបង្អស់នឹងត្រលប់ជានៅមុខគេ ឯអ្នកនៅមុខគេនឹងត្រលប់ជានៅក្រោយបង្អស់វិញ»។
17. កាលព្រះយេស៊ូកំពុងយាងឡើងទៅក្រុងយេរូសាឡិម ព្រះអង្គបាននាំសិស្សទាំងដប់ពីរទៅដាច់ឡែកពីគេ ហើយនៅតាមផ្លូវព្រះអង្គមានបន្ទូលទៅពួកគេថា៖
18. «មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេប្រគល់ទៅឲ្យពួកសម្ដេចសង្ឃ និងគ្រូវិន័យ រួចពួកគេនឹងកាត់ទោសប្រហារជីវិតលោក
19. ពួកគេនឹងប្រគល់លោកទៅឲ្យសាសន៍ដទៃ ដើម្បីឲ្យគេចំអក វាយនឹងខ្សែតី ហើយឆ្កាង ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
20. បន្ទាប់មក ប្រពន្ធលោកសេបេដេ និងកូនៗរបស់គាត់បានចូលមកថ្វាយបង្គំព្រះអង្គ ដើម្បីទូលសុំអ្វីម្យ៉ាងពីព្រះអង្គ
21. ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «តើអ្នកចង់បានអ្វី?» គាត់ទូលព្រះអង្គថា៖ «ខ្ញុំសូមឲ្យលោកសន្យាថា កូនប្រុសរបស់ខ្ញុំទាំងពីរនាក់នេះ នឹងបានអង្គុយក្បែរលោកនៅក្នុងនគររបស់លោក គឺម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង»។
22. ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកមិនដឹងថា អ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំបម្រុងនឹងផឹកនេះបានដែរឬទេ?» ពួកគេទូលព្រះអង្គថា៖ «យើងអាចផឹកបាន»។
23. ព្រះអង្គក៏មានបន្ទូលទៅពួកគេទៀតថា៖ «អ្នកនឹងផឹកពីពែងរបស់ខ្ញុំបានមែន ប៉ុន្ដែដែលអង្គុយនៅខាងស្ដាំខ្ញុំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអស់អ្នកដែលព្រះវរបិតារបស់ខ្ញុំបានរៀបចំទុកឲ្យប៉ុណ្ណោះ»។
24. ពេលសាវកដប់នាក់ទៀតឮដូច្នេះ ក៏ទាស់ចិត្ដនឹងបងប្អូនពីរនាក់នោះ
25. ប៉ុន្ដែព្រះយេស៊ូបានហៅពួកគេមក រួចមានបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា ពួកអ្នកគ្រប់គ្រងរបស់សាសន៍ដទៃត្រួតត្រាលើពួកគេ ហើយពួកអ្នកធំក៏ប្រើសិទ្ធិអំណាចលើពួកគេដែរ
26. ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា មិនមែនដូច្នោះឡើយ អ្នកណាដែលចង់ធ្វើធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ
27. រួចអ្នកណាដែលចង់ធ្វើជាទីមួយនៅក្នុងចំណោមអ្នករាល់គ្នា អ្នកនោះក៏ត្រូវធ្វើជាបាវបម្រើរបស់អ្នករាល់គ្នាដែរ