ម៉ាថាយ 2:7-14 Khmer Christian Bible (KCB)

7. បន្ទាប់​មក​ ស្ដេច​ហេរ៉ូឌ​បាន​ហៅ​ពួក​តារាវិទូ​មក​ជា​សម្ងាត់​ ដើម្បី​សួរ​បញ្ជាក់​គេ​ពី​ពេល​វេលា​ដែល​ផ្កាយ​រះ​ឡើង‍។​

8. ពេល​ចាត់​ពួក​តារាវិទូ​ទាំងនោះ​ទៅ​ភូមិ​បេថ្លេហិម​ ស្ដេច​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​សាក​សួរ​ពី​បុត្រ​តូច​នោះ​ឲ្យ​បាន​ច្បាស់​ ពេល​អ្នក​រាល់គ្នា​រក​ឃើញ​ហើយ​ សូម​ប្រាប់​ខ្ញុំ​ផង​ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ថ្វាយបង្គំ​ព្រះអង្គ​ដែរ»​

9. ដូច្នេះ​ គេ​ក៏​ស្ដាប់​តាម​ស្ដេច​ ហើយ​ចេញ​ទៅ​ ឯ​ផ្កាយ​ដែល​គេ​ឃើញ​នៅ​ទិស​ខាង​កើត​នោះ​បាន​នាំ​មុខ​ពួកគេ​ រហូត​មក​ដល់​កន្លែង​ដែល​បុត្រ​តូច​នៅ​ ហើយ​ក៏​ឈប់​នៅ​ចំ​ពី​លើ​នោះ​

10. កាល​បាន​ឃើញ​ផ្កាយ​នោះ​ ពួកគេ​មាន​សេចក្ដី​ត្រេកអរ​ និង​រីករាយ​ជា​ខ្លាំង​

11. ពេល​ចូល​មក​ក្នុង​ផ្ទះ​ ពួកគេ​ក៏​ឃើញ​បុត្រ​តូច​នៅ​ជាមួយ​នាង​ម៉ារា​ជា​ម្ដាយ​ ពួកគេ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ ព្រម​ទាំង​បើក​យក​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ថ្វាយ​ដល់​ព្រះអង្គ​ជា​តង្វាយ​ មាន​មាស កំញ៉ាន​ និង​ជ័រ​ក្រអូប។​

12. រួច​ពួកគេ​ក៏​វិល​ត្រលប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត​ ព្រោះ​ពួកគេ​បាន​ទទួល​ការ​ព្រមាន​ក្នុង​យល់សប្ដិ​ មិន​ឲ្យ​​ត្រលប់​ទៅ​ឯ​ស្ដេច​ហេរ៉ូឌ​វិញ។​

13. ពេល​ពួក​តារាវិទូ​ចេញ​ផុត​ នោះ​ទេវតា​របស់​ព្រះអម្ចាស់​បាន​លេច​ឲ្យ​លោក​យ៉ូសែប​ឃើញ​ក្នុង​យល់សប្ដិ​ ដោយ​និយាយ​ថា៖​ «ក្រោក​ឡើង!​ ចូរ​នាំ​បុត្រ​តូច​ និង​ម្ដាយ​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ​ ហើយ​នៅ​ទីនោះ​រហូត​ដល់​ខ្ញុំ​ប្រាប់​អ្នក​ម្ដង​ទៀត​ ដ្បិត​ស្ដេច​ហេរ៉ូឌ​រក​សម្លាប់​បុត្រ​តូច​នេះ​ហើយ»​

14. ដូច្នេះ​ គាត់​ក៏​ក្រោក​ឡើង​ នាំ​បុត្រ​តូច​ និង​ម្ដាយ​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៊ីព្ទ​ទាំង​យប់​

ម៉ាថាយ 2