16. មើល៍ មានបុរសម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ តើខ្ញុំត្រូវប្រព្រឹត្ដអំពើល្អអ្វីខ្លះ ដើម្បីឲ្យខ្ញុំមានជិវិតអស់កល្បជានិច្ច?»
17. ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកសួរខ្ញុំអំពីអំពើល្អ គឺមានតែព្រះមួយអង្គប៉ុណ្ណោះដែលល្អ តែបើអ្នកចង់ចូលទៅក្នុងជីវិតអស់កល្បនោះ ចូរធ្វើតាមបញ្ញត្ដិចុះ»
18. គាត់ទូលសួរព្រះអង្គថា៖ «តើបញ្ញត្ដិមួយណា?» ព្រះយេស៊ូមានបន្ទូលថា៖ «កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ
19. ចូរគោរពឪពុកម្ដាយរបស់អ្នក ហើយចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង»
20. កំលោះនោះទូលព្រះអង្គថា៖ «ខ្ញុំបានធ្វើតាមសេចក្ដីទាំងនេះអស់ហើយ តើខ្ញុំនៅខ្វះអ្វីទៀត?»
21. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្ដិរបស់អ្នកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»។
22. ប៉ុន្ដែពេលកំលោះនោះឮព្រះបន្ទូលនេះ ក៏ចាកចេញទៅទាំងសោកសៅ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន។
23. ព្រះយេស៊ូក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកមានពិបាកនឹងចូលទៅក្នុងនគរស្ថានសួគ៌ណាស់
24. ហើយខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយស្រួលជាងអ្នកមានចូលទៅក្នុងនគរព្រះជាម្ចាស់ទៅទៀត»
25. ពេលពួកសិស្សឮហើយ ក៏នឹកឆ្ងល់ជាខ្លាំង ទាំងនិយាយថា៖ «បើដូច្នេះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?»
26. ពេលព្រះយេស៊ូទតទៅពួកគេ នោះក៏មានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់វិញអាចធ្វើគ្រប់ការទាំងអស់បាន»។
27. បន្ទាប់មក លោកពេត្រុសទូលសួរព្រះអង្គថា៖ «មើល៍! យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក។ តើយើងនឹងបានអ្វីទៅ?»
28. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងសករាជថ្មី ពេលកូនមនុស្សអង្គុយនៅលើបល្ល័ង្កដែលប្រកបដោយសិរីរុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានដើរតាមខ្ញុំនឹងអង្គុយនៅលើបល្ល័ង្កទាំងដប់ពីរ ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលដែរ