12. ដ្បិតមនុស្សខ្លះជាមនុស្សកម្រៀវតាំងពីកំណើតមក និងអ្នកផ្សេងទៀត ជាមនុស្សកម្រៀវដោយសារគេក្រៀវ ហើយក៏មានមនុស្សកម្រៀវដែលក្រៀវខ្លួនឯងដោយព្រោះតែនគរស្ថានសួគ៌។ ដូច្នេះ អ្នកដែលអាចទទួលយកបាន ចូរទទួលយកចុះ»។
13. បន្ទាប់មក គេនាំក្មេងៗមកឯព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្ដលើពួកវា និងអធិស្ឋានឲ្យ ប៉ុន្ដែពួកសិស្សបានស្ដីបន្ទោសពួកគេ។
14. ព្រះយេស៊ូមានបន្ទូលថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរស្ថានសួគ៌ជារបស់មនុស្សដូចក្មេងៗទាំងនេះឯង»
15. កាលព្រះអង្គដាក់ព្រះហស្ដលើក្មេងៗរួចហើយ ក៏យាងចេញពីទីនោះទៅ។
16. មើល៍ មានបុរសម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ តើខ្ញុំត្រូវប្រព្រឹត្ដអំពើល្អអ្វីខ្លះ ដើម្បីឲ្យខ្ញុំមានជិវិតអស់កល្បជានិច្ច?»
17. ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកសួរខ្ញុំអំពីអំពើល្អ គឺមានតែព្រះមួយអង្គប៉ុណ្ណោះដែលល្អ តែបើអ្នកចង់ចូលទៅក្នុងជីវិតអស់កល្បនោះ ចូរធ្វើតាមបញ្ញត្ដិចុះ»
18. គាត់ទូលសួរព្រះអង្គថា៖ «តើបញ្ញត្ដិមួយណា?» ព្រះយេស៊ូមានបន្ទូលថា៖ «កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ
19. ចូរគោរពឪពុកម្ដាយរបស់អ្នក ហើយចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង»
20. កំលោះនោះទូលព្រះអង្គថា៖ «ខ្ញុំបានធ្វើតាមសេចក្ដីទាំងនេះអស់ហើយ តើខ្ញុំនៅខ្វះអ្វីទៀត?»
21. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្ដិរបស់អ្នកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»។
22. ប៉ុន្ដែពេលកំលោះនោះឮព្រះបន្ទូលនេះ ក៏ចាកចេញទៅទាំងសោកសៅ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន។
23. ព្រះយេស៊ូក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកមានពិបាកនឹងចូលទៅក្នុងនគរស្ថានសួគ៌ណាស់
24. ហើយខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយស្រួលជាងអ្នកមានចូលទៅក្នុងនគរព្រះជាម្ចាស់ទៅទៀត»
25. ពេលពួកសិស្សឮហើយ ក៏នឹកឆ្ងល់ជាខ្លាំង ទាំងនិយាយថា៖ «បើដូច្នេះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?»