19. បន្ទាប់មក ពួកសិស្សបានចូលមកជិតព្រះយេស៊ូដោយឡែកទូលសួរថា៖ «ហេតុអ្វីបានជាយើងមិនអាចបណ្ដេញអារក្សនោះបានដូច្នេះ?»
20. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិច ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់មូតាមួយគ្រាប់ ហើយនិយាយទៅកាន់ភ្នំនេះថា ចូររើចេញពីទីនោះ វានឹងត្រូវរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ
21. ប៉ុន្ដែអារក្សប្រភេទនេះមិនងាយបណ្ដេញចេញទេ លើកលែងតែអធិស្ឋាន និងតមអាហារ»។
22. កាលពួកគេមកជុំគ្នានៅស្រុកកាលីឡេ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់មនុស្ស
23. គេនឹងសម្លាប់លោក ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី» ពេលពួកគេឮដូច្នេះ ក៏ព្រួយចិត្ដជាខ្លាំង។
24. កាលពួកគេមកដល់ក្រុងកាពើណិម នោះមានម្នាក់ជាអ្នកទារពន្ធចំនួនពីរដ្រាក់ម៉ាសម្រាប់ព្រះវិហារ បានចូលមកជិតលោកពេត្រុស សួរថា៖ «តើគ្រូរបស់ពួកអ្នកមិនបង់ពន្ធព្រះវិហារទេឬ?»
25. លោកពេត្រុសក៏តបថា៖ «បាទ» ហើយកាលមកដល់ក្នុងផ្ទះវិញ ព្រះយេស៊ូមានបន្ទូលជាមុនទៅគាត់ថា៖ «ស៊ីម៉ូនអើយ! អ្នកយល់យ៉ាងដូចម្ដេច តើស្ដេចនៅផែនដីនេះទារពន្ធដារ ឬសួយអាករពីនរណា? ពីកូនរបស់ខ្លួន ឬពីអ្នកដទៃ?»
26. គាត់ទូលតបវិញថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ដូច្នេះកូនស្ដេចមិនបាច់បង់ពន្ធទេ
27. ប៉ុន្ដែដើម្បីកុំឲ្យគេទាស់ចិត្ដ ចូរទៅបឹង ហើយបោះសន្ទូចចុះ រួចយកត្រីដែលជាប់សន្ទូចមុនគេ បើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះបង់ពន្ធឲ្យគេសម្រាប់ខ្ញុំ និងអ្នកចុះ»។