1. ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់ទៅដាច់ឡែកពីគេ ឡើងលើភ្នំមួយខ្ពស់
2. ហើយព្រះអង្គទៅជាមានរូបរាងប្លែក នៅចំពោះមុខពួកគេ ព្រះភក្ដ្ររបស់ព្រះអង្គភ្លឺចាំងចែងដូចជាដួងអាទិត្យ ឯអាវរបស់ព្រះអង្គប្រែជាសដូចជាពន្លឺ
3. ហើយមើល៍ លោកម៉ូសេ និងលោកអេលីយ៉ាបានលេចមកឲ្យពួកគេឃើញ ទាំងកំពុងនិយាយជាមួយព្រះអង្គផង
4. លោកពេត្រុសទូលព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! ជាការល្អណាស់ដែលយើងបាននៅទីនេះ ប្រសិនបើព្រះអង្គព្រម ខ្ញុំនឹងធ្វើរោងបីនៅទីនេះ មួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា»
5. កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
6. ពេលពួកសិស្សស្ដាប់ឮ គេក៏ក្រាបផ្កាប់មុខទាំងភ័យខ្លាចជាខ្លាំង
7. ព្រះយេស៊ូក៏ចូលទៅជិត និងបានពាល់គេដោយមានបន្ទូលថា៖ «ចូរក្រោកឡើងកុំខ្លាចអី»
8. កាលពួកគេងើយភ្នែកឡើង នោះមិនឃើញអ្នកណាសោះ ក្រៅពីព្រះយេស៊ូប៉ុណ្ណោះ។
9. ពេលពួកគេកំពុងចុះពីភ្នំមកវិញ ព្រះយេស៊ូមានបន្ទូលបង្គាប់ពួកគេថា៖ «កុំប្រាប់អ្នកណាអំពីហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ រហូតដល់កូនមនុស្សរស់ពីស្លាប់ឡើងវិញ»។
10. ពួកសិស្សទូលសួរព្រះអង្គថា៖ «ចុះហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា លោកអេលីយ៉ាចាំបាច់ត្រូវមកមុនដូច្នេះ?»
11. ព្រះអង្គមានបន្ទូលឆ្លើយថា៖ «លោកអេលីយ៉ាមកមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ
12. តែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ ប៉ុន្ដែពួកគេមិនបានទទួលស្គាល់លោកទេ បែរជាប្រព្រឹត្តចំពោះលោកតាមអំពើចិត្តគ្រប់បែបយ៉ាង ហើយកូនមនុស្សនឹងត្រូវពួកគេធ្វើទុក្ខយ៉ាងដូច្នោះដែរ»។
13. ពួកសិស្សយល់ថា ព្រះអង្គកំពុងមានបន្ទូលប្រាប់ពួកគេអំពីលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក។
14. កាលបានមកដល់បណ្ដាជនហើយ នោះបុរសម្នាក់បានមកលុតជង្គង់នៅពីមុខព្រះអង្គ
15. ទូលថា៖ «លោកម្ចាស់អើយ! សូមមេត្ដាដល់កូនប្រុសខ្ញុំផង ព្រោះវាឆ្កួតជ្រូករងទុក្ខខ្លាំងណាស់ ហើយវាចេះតែដួលទៅក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់