ម៉ាថាយ 16:4-18 Khmer Christian Bible (KCB)

4. ជំនាន់​មនុស្ស​ដ៏​អាក្រក់​ និង​ផិតក្បត់​ស្វែង​រក​ទីសំគាល់​ ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់​នេះ​ទេ​ ក្រៅពី​ទីសំគាល់​របស់​លោក​យ៉ូណាស់»​ រួច​ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​ពួកគេ​ទៅ។​

5. ពេល​ពួក​សិស្ស​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ ពួកគេ​ភ្លេច​យក​នំប៉័ង។​

6. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី»​

7. នោះ​ពួក​សិស្ស​ក៏​សួរ​ដេញ​ដោល​គ្នា​ថា៖​ «ព្រោះ​តែ​យើង​មិន​បាន​យក​នំប៉័ង​មក​ទេ​ដឹង»។​

8. កាល​ព្រះយេស៊ូ​ជ្រាប​ហើយ​ក៏​មាន​បន្ទូល​ថា៖​ «ឱ​អ្នក​មាន​ជំនឿ​តិច​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​សួរ​ដេញ​ដោល​គ្នា​អំពី​ការ​ដែល​អ្នក​រាល់គ្នា​គ្មាន​នំប៉័ង​ដូច្នេះ?​

9. តើ​អ្នក​រាល់គ្នា​នៅ​តែ​មិន​ទាន់​យល់​ ឬ​ក៏​មិន​ចាំ​ពី​នំប៉័ង​ប្រាំ​ដុំ​សម្រាប់​មនុស្ស​ប្រាំ​ពាន់​នាក់​ទេ​ឬ?​ តើ​អ្នក​រាល់គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក?​

10. ចុះ​នំប៉័ង​ប្រាំ​ពីរ​ដុំ​សម្រាប់​មនុស្ស​បួនពាន់​នាក់​ តើ​អ្នក​រាល់គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ដ្រក?​

11. តើ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់គ្នា​មិន​យល់​ដូច្នេះ​ ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នក​រាល់គ្នា​អំពី​នំប៉័ង​ទេ​ គឺ​ឲ្យ​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ទេតើ»។​

12. បន្ទាប់​មក​ ទើប​ពួកគេ​យល់​ថា​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​មេនំប៉័ង​ទេ​ ប៉ុន្ដែ​គឺ​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​វិញ។​

13. កាល​ព្រះយេស៊ូ​យាង​មក​ដល់​តំបន់​ក្រុង​សេសារា​ភីលីព​ ព្រះអង្គ​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ទាំងឡាយ​និយាយ​ថា​ កូនមនុស្ស​ជា​អ្នកណា?»​

14. ពួកគេ​ទូល​ថា៖​ «អ្នក​ខ្លះ​ថា​ លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ អ្នក​ខ្លះ​ទៀត​ថា​ លោក​អេលីយ៉ា​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​ លោក​យេរេមា​ ឬ​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់»​

15. ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «ចុះ​អ្នក​រាល់គ្នា​វិញ​ថា​ ខ្ញុំ​ជា​អ្នកណា​ដែរ‍?»​

16. លោក​ស៊ីម៉ូន​ពេត្រុស​ទូល​តប​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ​ គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់»​

17. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «អ្នក​មាន​ពរ​ហើយ​ ស៊ីម៉ូន​កូន​យ៉ូណាស​អើយ!​ ដ្បិត​សាច់​ឈាម​មិន​បាន​បើក​សំដែង​សេចក្ដី​នេះ​ដល់​អ្នក​ទេ​ គឺ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​

18. ហើយ​ខ្ញុំ​ក៏​ប្រាប់​អ្នក​ដែរ​ថា​ អ្នក​ឈ្មោះ​ពេត្រុស​ ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ​ ឯ​ទ្វារ​ស្ថាន​នរក​មិន​ឈ្នះ​ក្រុមជំនុំ​នេះ​ឡើយ​

ម៉ាថាយ 16