21. ព្រះយេស៊ូបានយាងចេញពីទីនោះឆ្ពោះទៅកាន់តំបន់ក្រុងទីរ៉ុស និងក្រុងស៊ីដូន។
22. នោះមានស្ដ្រីជនជាតិកាណានម្នាក់ ដែលរស់នៅតំបន់នោះបានចេញមក ស្រែកថា៖ «លោកម្ចាស់ជាពូជពង្សដាវីឌអើយ! សូមមេត្តាខ្ញុំផង! កូនស្រីរបស់ខ្ញុំត្រូវអារក្សចូល ធ្វើទុក្ខខ្លាំងណាស់»
23. ប៉ុន្ដែព្រះអង្គមិនបានឆ្លើយនឹងនាងមួយម៉ាត់ឡើយ ហើយពួកសិស្សរបស់ព្រះអង្គបានចូលមកជិតទូលសុំព្រះអង្គថា៖ «សូមឲ្យនាងចេញទៅ ព្រោះនាងចេះតែស្រែកពីក្រោយយើង»
24. ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយថា៖ «ព្រះជាម្ចាស់បានឲ្យខ្ញុំមកឯប្រជាជនអ៊ីស្រាអែល ដែលជាចៀមវង្វេងរបស់ព្រះអង្គប៉ុណ្ណោះ»
25. ប៉ុន្ដែនាងចូលមកថ្វាយបង្គំព្រះអង្គ ហើយទូលថា៖ «លោកម្ចាស់អើយ! សូមជួយខ្ញុំផង»
26. ព្រះអង្គមានបន្ទូលឆ្លើយថា៖ «មិនគួរយកអាហាររបស់កូនបោះឲ្យឆ្កែទេ»