45. ម្យ៉ាងទៀត នគរស្ថានសួគ៌ប្រៀបដូចជាឈ្មួញម្នាក់កំពុងស្វែងរកគជ់ដ៏ល្អប្រណិត
46. ហើយពេលរកឃើញគជ់មួយគ្រាប់ដ៏មានតម្លៃ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន ហើយទិញយកគជ់នោះ។
47. ម្យ៉ាងទៀត នគរស្ថានសួគ៌ប្រៀបដូចជាសំណាញ់ដែលបានបង់ទៅក្នុងបឹង ហើយប្រមូលបានត្រីគ្រប់ប្រភេទ
48. ពេលសំណាញ់ពេញ គេក៏ទាញឡើងលើច្រាំង ហើយអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ ឯត្រីអន់ៗ គេបោះចោល។
49. នៅចុងបញ្ចប់នៃពិភពលោកនឹងកើតមានដូច្នោះដែរ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីក្នុងចំណោមមនុស្សសុចរិត
50. រួចទេវតានឹងបោះមនុស្សអាក្រក់ទាំងនោះទៅក្នុងឡភ្លើង ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។
51. តើអ្នករាល់គ្នាយល់សេចក្ដីទាំងអស់នេះហើយឬនៅ?» ពួកគេបានទូលព្រះអង្គថា៖ «បាទ យល់ហើយ»
52. ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ដូច្នេះ គ្រូវិន័យគ្រប់គ្នាដែលត្រលប់ជាសិស្សនៃនគរស្ថានសួគ៌ ប្រៀបដូចជាមនុស្សម្នាក់ជាម្ចាស់ផ្ទះ ដែលបានបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងទ្រព្យរបស់ខ្លួន»។
53. កាលព្រះយេស៊ូមានបន្ទូលអំពីរឿងប្រៀបប្រដូចទាំងនេះចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ។
54. កាលយាងដល់ស្រុករបស់ព្រះអង្គ ព្រះអង្គក៏បានបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំរបស់ពួកគេ ធ្វើឲ្យអ្នកស្រុកនឹកអស្ចារ្យក្នុងចិត្ដទាំងនិយាយថា៖ «អ្នកនេះមានប្រាជ្ញា និងការអស្ចារ្យបែបនេះមកពីណា?
55. តើអ្នកនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្ដាយគាត់មិនមែនឈ្មោះម៉ារា ហើយប្អូនៗគាត់ឈ្មោះ យ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ?
56. តើប្អូនស្រីរបស់គាត់មិនបាននៅជាមួយយើងទាំងអស់គ្នាទេឬ? ដូច្នេះ តើអ្នកនេះបានសេចក្ដីទាំងអស់នេះមកពីណា?»
57. គេក៏ទាស់ចិត្ដនឹងព្រះអង្គ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅគេថា៖ «អ្នកនាំព្រះបន្ទូលបានទទួលសេចក្ដីគោរពនៅគ្រប់ទីកន្លែង លើកលែងតែនៅក្នុងស្រុកកំណើត និងក្នុងគ្រួសាររបស់គាត់ប៉ុណ្ណោះ»។
58. ដោយព្រោះតែភាពគ្មានជំនឿរបស់ពួកគេ ព្រះអង្គមិនបានធ្វើការអស្ចារ្យច្រើននៅទីនោះទេ។