38. ឯស្រែគឺជាពិភពលោក ហើយពូជល្អទាំងនេះជាកូននៃនគរព្រះជាម្ចាស់ ឯស្រងែវិញជាកូននៃអារក្សសាតាំង។
39. សត្រូវដែលព្រោះស្រងែគឺជាអារក្សសាតាំង ហើយខែចម្រូតគឺជាគ្រាចុងក្រោយ ឯអ្នកច្រូតគឺជាទេវតា។
40. ដូច្នេះ ដែលគេប្រមូលស្រងែដុតបន្សុសនឹងភ្លើងយ៉ាងណា នៅចុងបញ្ចប់នៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ
41. គឺកូនមនុស្សនឹងចាត់ពួកទេវតារបស់លោកឲ្យទៅប្រមូលអស់ទាំងអ្វីៗដែលបណ្ដាលឲ្យប្រព្រឹត្ដបាប និងពួកអ្នកបំពានវិន័យចេញពីនគររបស់លោក
42. ទេវតានឹងបោះអ្នកទាំងនោះទៅក្នុងឡភ្លើង ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។
43. ពេលនោះ មនុស្សសុចរិតនឹងភ្លឺត្រចះត្រចង់ដូចដួងអាទិត្យនៅក្នុងនគរព្រះវរបិតារបស់គេ។ អ្នកដែលមានត្រចៀក ចូរស្ដាប់ចុះ។
44. នគរស្ថានសួគ៌ប្រៀបដូចជាកំណប់ទ្រព្យកប់ទុកនៅក្នុងស្រែដែលបុរសម្នាក់បានរកឃើញ ហើយកប់ទុកវិញ រួចគាត់បានទៅលក់អ្វីៗទាំងអស់ដែលគាត់មានដោយអំណរ ហើយទិញយកស្រែនោះ។
45. ម្យ៉ាងទៀត នគរស្ថានសួគ៌ប្រៀបដូចជាឈ្មួញម្នាក់កំពុងស្វែងរកគជ់ដ៏ល្អប្រណិត
46. ហើយពេលរកឃើញគជ់មួយគ្រាប់ដ៏មានតម្លៃ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន ហើយទិញយកគជ់នោះ។
47. ម្យ៉ាងទៀត នគរស្ថានសួគ៌ប្រៀបដូចជាសំណាញ់ដែលបានបង់ទៅក្នុងបឹង ហើយប្រមូលបានត្រីគ្រប់ប្រភេទ
48. ពេលសំណាញ់ពេញ គេក៏ទាញឡើងលើច្រាំង ហើយអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ ឯត្រីអន់ៗ គេបោះចោល។
49. នៅចុងបញ្ចប់នៃពិភពលោកនឹងកើតមានដូច្នោះដែរ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីក្នុងចំណោមមនុស្សសុចរិត
50. រួចទេវតានឹងបោះមនុស្សអាក្រក់ទាំងនោះទៅក្នុងឡភ្លើង ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។
51. តើអ្នករាល់គ្នាយល់សេចក្ដីទាំងអស់នេះហើយឬនៅ?» ពួកគេបានទូលព្រះអង្គថា៖ «បាទ យល់ហើយ»