35. ដើម្បីឲ្យសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងនឹងបើកមាត់យើងនិយាយជារឿងប្រៀបប្រដូច ហើយយើងនឹងនិយាយអំពីសេចក្ដីដែលបានលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមក»។
36. បន្ទាប់មក ព្រះអង្គក៏ចាកចេញពីបណ្ដាជន ហើយយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គទូលថា៖ «សូមបកស្រាយប្រាប់យើងខ្ញុំពីរឿងប្រៀបប្រដូចអំពីស្រែមានស្រងែផង»។
37. ព្រះអង្គមានបន្ទូលឆ្លើយថា៖ «អ្នកព្រោះពូជល្អគឺជាកូនមនុស្ស
38. ឯស្រែគឺជាពិភពលោក ហើយពូជល្អទាំងនេះជាកូននៃនគរព្រះជាម្ចាស់ ឯស្រងែវិញជាកូននៃអារក្សសាតាំង។
39. សត្រូវដែលព្រោះស្រងែគឺជាអារក្សសាតាំង ហើយខែចម្រូតគឺជាគ្រាចុងក្រោយ ឯអ្នកច្រូតគឺជាទេវតា។
40. ដូច្នេះ ដែលគេប្រមូលស្រងែដុតបន្សុសនឹងភ្លើងយ៉ាងណា នៅចុងបញ្ចប់នៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ
41. គឺកូនមនុស្សនឹងចាត់ពួកទេវតារបស់លោកឲ្យទៅប្រមូលអស់ទាំងអ្វីៗដែលបណ្ដាលឲ្យប្រព្រឹត្ដបាប និងពួកអ្នកបំពានវិន័យចេញពីនគររបស់លោក
42. ទេវតានឹងបោះអ្នកទាំងនោះទៅក្នុងឡភ្លើង ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។
43. ពេលនោះ មនុស្សសុចរិតនឹងភ្លឺត្រចះត្រចង់ដូចដួងអាទិត្យនៅក្នុងនគរព្រះវរបិតារបស់គេ។ អ្នកដែលមានត្រចៀក ចូរស្ដាប់ចុះ។
44. នគរស្ថានសួគ៌ប្រៀបដូចជាកំណប់ទ្រព្យកប់ទុកនៅក្នុងស្រែដែលបុរសម្នាក់បានរកឃើញ ហើយកប់ទុកវិញ រួចគាត់បានទៅលក់អ្វីៗទាំងអស់ដែលគាត់មានដោយអំណរ ហើយទិញយកស្រែនោះ។
45. ម្យ៉ាងទៀត នគរស្ថានសួគ៌ប្រៀបដូចជាឈ្មួញម្នាក់កំពុងស្វែងរកគជ់ដ៏ល្អប្រណិត
46. ហើយពេលរកឃើញគជ់មួយគ្រាប់ដ៏មានតម្លៃ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន ហើយទិញយកគជ់នោះ។
47. ម្យ៉ាងទៀត នគរស្ថានសួគ៌ប្រៀបដូចជាសំណាញ់ដែលបានបង់ទៅក្នុងបឹង ហើយប្រមូលបានត្រីគ្រប់ប្រភេទ
48. ពេលសំណាញ់ពេញ គេក៏ទាញឡើងលើច្រាំង ហើយអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ ឯត្រីអន់ៗ គេបោះចោល។
49. នៅចុងបញ្ចប់នៃពិភពលោកនឹងកើតមានដូច្នោះដែរ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីក្នុងចំណោមមនុស្សសុចរិត
50. រួចទេវតានឹងបោះមនុស្សអាក្រក់ទាំងនោះទៅក្នុងឡភ្លើង ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។
51. តើអ្នករាល់គ្នាយល់សេចក្ដីទាំងអស់នេះហើយឬនៅ?» ពួកគេបានទូលព្រះអង្គថា៖ «បាទ យល់ហើយ»
52. ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ដូច្នេះ គ្រូវិន័យគ្រប់គ្នាដែលត្រលប់ជាសិស្សនៃនគរស្ថានសួគ៌ ប្រៀបដូចជាមនុស្សម្នាក់ជាម្ចាស់ផ្ទះ ដែលបានបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងទ្រព្យរបស់ខ្លួន»។