26. កាលស្រូវពន្លក ហើយចេញផ្លែ នោះស្រងែក៏លេចចេញមកដែរ
27. ពួកបាវបម្រើក៏ចូលមកប្រាប់ម្ចាស់ស្រែថា លោកម្ចាស់ តើលោកមិនបានព្រោះពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមានមកពីណា?
28. គាត់ប្រាប់គេថា មនុស្សដែលធ្វើការនេះ គឺជាសត្រូវ។ ពួកបាវបម្រើក៏សួរគាត់ទៀតថា ដូច្នេះ តើលោកចង់ឲ្យយើងទៅដកស្រងែទាំងនោះដែរឬទេ?
29. គាត់និយាយថា កុំអី! ក្រែងលោពេលអ្នករាល់គ្នាដកស្រងែ ស្រូវក៏ដោយមកជាមួយដែរ។
30. ចូរទុកឲ្យវាដុះឡើងជាមួយគ្នារហូតដល់ខែចម្រូតចុះ នៅពេលច្រូត ខ្ញុំនឹងប្រាប់អ្នកច្រូតឲ្យប្រមូលស្រងែជាមុនចងជាបាច់ ដើម្បីដុតចោល ឯស្រូវវិញ ត្រូវប្រមូលដាក់ក្នុងជង្រុករបស់ខ្ញុំ»។
31. ព្រះអង្គលើកយករឿងប្រៀបប្រដូចមួយទៀតដោយមានបន្ទូលទៅគេថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាគ្រាប់មូតា ដែលមនុស្សយកទៅដាំក្នុងចម្ការរបស់គាត់
32. គ្រាប់ពូជនោះតូចល្អិតជាងគ្រាប់ពូជណាៗទាំងអស់ ប៉ុន្ដែពេលដុះឡើង វាធំជាងរុក្ខជាតិផ្សេងៗ ហើយវាប្រែជាដើមឈើមួយដើម ដូច្នេះសត្វស្លាបហើរលើអាកាសមកអាស្រ័យនៅតាមមែករបស់វា»។
33. ព្រះអង្គមានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចមួយទៀតថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាមេនំប៉័ង ដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់មេនំប៉័ងនោះធ្វើឲ្យម្សៅទាំងអស់ដោរឡើង»។
34. ព្រះយេស៊ូមានបន្ទូលប្រាប់បណ្ដាជនពីសេចក្ដីទាំងអស់នេះជារឿងប្រៀបប្រដូច ក្រៅពីរឿងប្រៀបប្រដូច ព្រះអង្គមិនបានមានបន្ទូលនឹងបណ្ដាជនឡើយ