6. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា ម្នាក់ដែលវិសេសជាងព្រះវិហារ គឺនៅទីនេះស្រាប់ហើយ។
7. ប៉ុន្ដែបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ នោះអ្នករាល់គ្នានឹងមិនថ្កោលទោសអ្នកគ្មានទោសទេ
8. ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។
9. ព្រះអង្គក៏យាងចេញពីទីនោះ ហើយចូលទៅក្នុងសាលាប្រជុំរបស់ពួកគេ។
10. ពេលនោះ មានបុរសម្នាក់ស្វិតដៃម្ខាងនៅទីនោះ ហើយគេបានទូលសួរព្រះអង្គថា៖ «តើវិន័យអនុញ្ញាតឲ្យប្រោសមនុស្សនៅថ្ងៃសប្ប័ទដែរឬទេ?» គេសួរបែបនេះ គឺដើម្បីឲ្យគេអាចចោទប្រកាន់ព្រះអង្គបាន។
11. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «បើមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចៀមមួយក្បាល ហើយចៀមនោះធ្លាក់ក្នុងរណ្ដៅនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនស្រង់វាចេញពីរណ្ដៅនោះទេឬ?
12. ឯមនុស្សមានតម្លៃលើសចៀមមួយក្បាលទៅទៀត ហេតុនេះវិន័យអនុញ្ញាតឲ្យធ្វើអំពើល្អនៅថ្ងៃសប្ប័ទ»
13. បន្ទាប់មក ព្រះអង្គមានបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏លាតដៃ ហើយដៃនោះក៏បានជាដូចដៃម្ខាងទៀត។
14. ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នា ដើម្បីរកវិធីសម្លាប់ព្រះអង្គ។
15. កាលព្រះយេស៊ូជ្រាបពីការនេះ ក៏យាងចេញពីទីនោះ ហើយមានបណ្ដាជនច្រើនកុះករបានដើរតាមព្រះអង្គ។ ព្រះអង្គបានប្រោសពួកគេទាំងអស់គ្នាឲ្យបានជា
16. ហើយព្រះអង្គបានហាមពួកគេ មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជាអ្នកណាទេ
17. ដើម្បីឲ្យសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈលោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា៖
18. «មើល៍ អ្នកបម្រើដែលយើងជ្រើសរើស ជាអ្នកជាទីស្រឡាញ់ដែលយើងពេញចិត្ត យើងនឹងដាក់វិញ្ញាណយើងសណ្ឋិតលើព្រះអង្គ ហើយព្រះអង្គនឹងប្រកាសយុត្តិធម៌ដល់ជាតិសាសន៍នានា
19. ព្រះអង្គមិនឈ្លោះប្រកែក ឬស្រែកក្ដែងៗទេ ហើយគ្មានអ្នកណាម្នាក់ឮសម្រែកព្រះអង្គនៅតាមផ្លូវឡើយ
20. ព្រះអង្គមិនកាច់ដើមត្រែងណាដែលហៀបនឹងបាក់ ហើយក៏មិនពន្លត់ប្រឆេះណាដែលនៅហុយដែរ រហូតដល់ព្រះអង្គនាំយុត្តិធម៌ឲ្យមានជ័យជម្នះ
21. ហើយគ្រប់ជនជាតិនឹងសង្ឃឹមលើព្រះនាមព្រះអង្គ»។