7. នោះមានពពកលេចមកគ្របបាំងពួកគាត់ និងមានសំឡេងចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង ចូរស្ដាប់តាមព្រះអង្គចុះ»
8. ភ្លាមនោះ ពួកគេមើលជុំវិញខ្លួន ហើយមិនបានឃើញអ្នកណាសោះ ក្រៅពីព្រះយេស៊ូមួយអង្គគត់ ដែលនៅជាមួយពួកគេ
9. ហើយពេលពួកគេកំពុងចុះពីភ្នំមកវិញ ព្រះអង្គបង្គាប់ពួកគេ មិនឲ្យនិយាយប្រាប់អ្នកណាម្នាក់អំពីអ្វីដែលពួកគេបានឃើញឡើយ លើកលែងតែនៅពេលកូនមនុស្សរស់ពីស្លាប់ឡើងវិញ។
10. ពួកគេបានរក្សាព្រះបន្ទូលនោះទុកក្នុងចិត្ដ និងសួរដេញដោលគ្នាថា តើការរស់ពីស្លាប់ឡើងវិញមានន័យយ៉ាងដូចម្តេច?
11. ហើយពួកគេទូលសួរព្រះអង្គថា៖ «តើហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា លោកអេលីយ៉ាចាំបាច់ត្រូវមកមុនដូច្នេះ?»
12. ព្រះអង្គមានបន្ទូលតបទៅគេថា៖ «លោកអេលីយ៉ាមកមុនមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ មិនតែប៉ុណ្ណោះ ក៏មានសេចក្ដីចែងទុកអំពីកូនមនុស្សថា លោកត្រូវតែរងទុក្ខលំបាកជាច្រើន និងត្រូវគេជំទាស់ផង
13. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ តែពួកគេបានប្រព្រឹត្ដចំពោះគាត់តាមអំពើចិត្ដ ដូចដែលមានចែងទុកអំពីគាត់ស្រាប់»។
14. ពេលមកដល់ពួកសិស្សវិញ នោះក៏ឃើញមនុស្សកុះករ និងពួកគ្រូវិន័យព័ទ្ធជុំវិញពួកសិស្ស កំពុងសួរដេញដោលពួកគេ
15. ពេលបណ្ដាជនឃើញព្រះអង្គភ្លាម ក៏អស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង ទាំងរត់ទៅទទួលព្រះអង្គ
16. ព្រះអង្គសួរពួកគេថា៖ «តើអ្នករាល់គ្នាកំពុងសួរដេញដោលគ្នាអំពីអ្វី?»