24. ភ្លាមនោះ ឪពុកក្មេងបាននិយាយទាំងទ្រហោយំថា៖ «ខ្ញុំជឿហើយ សូមជួយភាពគ្មានជំនឿរបស់ខ្ញុំផង»
25. ដោយឃើញបណ្ដាជនកំពុងតែរត់មកជួបជុំគ្នា ព្រះយេស៊ូមានបន្ទូលបន្ទោសវិញ្ញាណអាក្រក់ថា៖ «វិញ្ញាណថ្លង់គ យើងបង្គាប់ឯង ចេញពីក្មេងនេះទៅ ហើយកុំចូលក្មេងនេះទៀត»
26. វាក៏ស្រែកឡើង ហើយធ្វើឲ្យក្មេងនោះប្រកាច់យ៉ាងខ្លាំង រួចក៏ចេញទៅ ឯក្មេងនោះដូចជាមនុស្សស្លាប់ ដូច្នេះបានជាមនុស្សជាច្រើននិយាយថា ក្មេងនោះស្លាប់ហើយ
27. តែព្រះយេស៊ូបានចាប់ដៃក្មេងនោះឲ្យក្រោកឈរឡើង ហើយវាក៏ឈរឡើង។
28. ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះមួយ ហើយពួកសិស្សព្រះអង្គបានសួរព្រះអង្គដោយឡែកថា៖ «ហេតុអ្វីពួកយើងមិនអាចបណ្ដេញវិញ្ញាណនោះឲ្យចេញបាន?»
29. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គ្មានអ្វីអាចបណ្ដេញវិញ្ញាណប្រភេទនេះបានទេ លើកលែងតែតាមរយៈការអធិស្ឋាន»។
30. ពួកគេធ្វើដំណើរចាកចេញពីទីនោះឆ្លងកាត់ស្រុកកាលីឡេ ប៉ុន្ដែព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ដឹងទេ
31. ដ្បិតព្រះអង្គបានបង្រៀនសិស្សព្រះអង្គ ដោយមានបន្ទូលទៅគេថា៖ «កូនមនុស្សត្រូវបានបញ្ជូនទៅក្នុងដៃមនុស្ស ហើយពួកគេនឹងសម្លាប់លោក លុះគេបានសម្លាប់ហើយ បីថ្ងៃក្រោយ លោកនឹងរស់ឡើងវិញ»