10. ពួកគេបានរក្សាព្រះបន្ទូលនោះទុកក្នុងចិត្ដ និងសួរដេញដោលគ្នាថា តើការរស់ពីស្លាប់ឡើងវិញមានន័យយ៉ាងដូចម្តេច?
11. ហើយពួកគេទូលសួរព្រះអង្គថា៖ «តើហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា លោកអេលីយ៉ាចាំបាច់ត្រូវមកមុនដូច្នេះ?»
12. ព្រះអង្គមានបន្ទូលតបទៅគេថា៖ «លោកអេលីយ៉ាមកមុនមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ មិនតែប៉ុណ្ណោះ ក៏មានសេចក្ដីចែងទុកអំពីកូនមនុស្សថា លោកត្រូវតែរងទុក្ខលំបាកជាច្រើន និងត្រូវគេជំទាស់ផង
13. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ តែពួកគេបានប្រព្រឹត្ដចំពោះគាត់តាមអំពើចិត្ដ ដូចដែលមានចែងទុកអំពីគាត់ស្រាប់»។
14. ពេលមកដល់ពួកសិស្សវិញ នោះក៏ឃើញមនុស្សកុះករ និងពួកគ្រូវិន័យព័ទ្ធជុំវិញពួកសិស្ស កំពុងសួរដេញដោលពួកគេ
15. ពេលបណ្ដាជនឃើញព្រះអង្គភ្លាម ក៏អស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង ទាំងរត់ទៅទទួលព្រះអង្គ
16. ព្រះអង្គសួរពួកគេថា៖ «តើអ្នករាល់គ្នាកំពុងសួរដេញដោលគ្នាអំពីអ្វី?»
17. នោះមនុស្សម្នាក់នៅក្នុងចំណោមបណ្ដាជនបានឆ្លើយនឹងព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោក ព្រោះវាមានវិញ្ញាណគចូល
18. ហើយនៅពេលណាវាចូលកូនខ្ញុំម្ដងៗ វាផ្ដួលកូនខ្ញុំចុះ ធ្វើឲ្យបែកពពុះមាត់ សង្កៀតធ្មេញ និងរឹងខ្លួនក្រញង់ ឯខ្ញុំបានសុំឲ្យពួកសិស្សលោកបណ្ដេញវាចេញ ប៉ុន្ដែពួកគេមិនអាចធ្វើបាន»
19. ព្រះអង្គមានបន្ទូលតបទៅគេថា៖ «ឱ តំណមនុស្សគ្មានជំនឿអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឯខ្ញុំ!»