10. ដ្បិតលោកម៉ូសេបានបង្គាប់ថា ចូរគោរពឪពុកម្ដាយរបស់អ្នក អ្នកណាជេរប្រមាថឪពុក ឬម្ដាយ អ្នកនោះត្រូវស្លាប់
11. ប៉ុន្ដែអ្នករាល់គ្នានិយាយថា ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ គឺជាគ័របាន់ (មានន័យថាតង្វាយថ្វាយព្រះជាម្ចាស់)
12. ហើយអ្នករាល់គ្នាមិនឲ្យអ្នកនោះធ្វើអ្វីសម្រាប់ឪពុកម្ដាយឡើយ។
13. អ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលព្រះជាម្ចាស់ដោយសារតែទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានទទួល និងការស្រដៀងគ្នាជាច្រើនដែលអ្នករាល់គ្នាធ្វើ»
14. ព្រះអង្គហៅបណ្ដាជនមកម្ដងទៀត ហើយមានបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាស្ដាប់ខ្ញុំឲ្យយល់ចុះ
15. គ្មានអ្វីនៅខាងក្រៅដែលចូលក្នុងមនុស្ស អាចធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះទេ ប៉ុន្ដែអ្វីដែលចេញមកពីខាងក្នុងមនុស្សវិញទេតើ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
16. អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ»។
17. បន្ទាប់មក ពេលព្រះអង្គចេញពីបណ្ដាជន ក៏ចូលទៅក្នុងផ្ទះមួយ ពួកសិស្សព្រះអង្គទូលសួរព្រះអង្គអំពីរឿងប្រៀបប្រដូចនោះ
18. ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនយល់ដែរឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីនៅខាងក្រៅ ដែលចូលក្នុងមនុស្សមិនអាចធ្វើឲ្យមនុស្សមិនបរិសុទ្ធបានទេនោះ?
19. ព្រោះវាមិនមែនចូលទៅក្នុងចិត្ដគេទេ តែចូលទៅក្នុងពោះគេវិញ ហើយចេញទៅក្នុងបង្គន់» ដូច្នេះអាហារទាំងអស់សុទ្ធតែស្អាតទេ
20. ព្រះអង្គក៏មានបន្ទូលទៀតថា៖ «គឺអ្វីដែលចេញមកពីខាងក្នុងមនុស្សនោះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
21. ដ្បិតពីខាងក្នុងចិត្ដរបស់មនុស្សមានគំនិតអាក្រក់ចេញមក មានអំពើអសីលធម៌ខាងផ្លូវភេទ លួចប្លន់ សម្លាប់មនុស្ស
22. ផិតក្បត់ លោភលន់ ចិត្ដអាក្រក់ បោកប្រាស់ ល្មោភកាម ច្រណែនឈ្នានីស ជេរប្រមាថ អំនួត ឆ្កួតលេលា
23. គឺសេចក្ដីអាក្រក់ដែលចេញមកពីខាងក្នុងទាំងអស់នេះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។
24. រួចព្រះអង្គក៏ក្រោកឡើងធ្វើដំណើរចេញពីទីនោះ ឆ្ពោះទៅកាន់ក្រុងទីរ៉ុស និងបានចូលទៅក្នុងផ្ទះមួយ ព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ដឹងសោះ ប៉ុន្ដែព្រះអង្គមិនអាចគេចរួចបានទេ
25. ដ្បិតភ្លាមនោះ មានស្ដ្រីម្នាក់ ដែលមានកូនស្រីត្រូវវិញ្ញាណអាក្រក់ចូល បានឮអំពីព្រះអង្គ ក៏មកក្រាបនៅទៀបព្រះអង្គ
26. រីឯស្ដ្រីនោះជាជនជាតិក្រេកកាត់ស៊ីរ៉ូភេនីស នាងបានទូលអង្វរព្រះអង្គឲ្យបណ្ដេញវិញ្ញាណអាក្រក់ចេញពីកូនស្រីនាង