41. បន្ទាប់ពីយកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយមក ព្រះអង្គក៏ងើយមើលទៅឯស្ថានសួគ៌ ទាំងអរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅសិស្ស ដើម្បីរៀបចំនៅមុខគេ ហើយចែកត្រីពីរនោះដល់គេទាំងអស់គ្នាដែរ។
42. ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់គ្រប់គ្នា
43. បន្ទាប់មក ពួកគេប្រមូលចំណិតនំបុ័ង និងត្រីដែលនៅសល់បានដប់ពីរកន្ដ្រកពេញៗ
44. មនុស្សដែលបានបរិភោគនំប៉័ងនោះ មានបុរសចំនួនប្រាំពាន់នាក់។
45. ភ្លាមនោះ ព្រះអង្គតឿនសិស្សរបស់ព្រះអង្គឲ្យចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅក្រុងបេតសៃដាមុន ហើយទីបំផុតព្រះអង្គក៏រំសាយបណ្ដាជន
46. កាលព្រះអង្គមានបន្ទូលលាពួកគេហើយ ក៏យាងទៅភ្នំ ដើម្បីអធិស្ឋាន។
47. ល្ងាចនោះទូកបាននៅកណ្ដាលបឹង ហើយព្រះអង្គនៅលើគោកតែម្នាក់ឯង
48. ព្រះអង្គបានឃើញពួកគេចែវទូកបញ្ច្រាស់ខ្យល់យ៉ាងលំបាក ដូច្នេះប្រហែលនៅយាមទីបួនយប់នោះ ព្រះអង្គបានយាងដើរលើបឹងទៅឯពួកគេ ហើយចង់ទៅហួសពួកគេ
49. ពេលឃើញព្រះអង្គយាងដើរលើបឹង ពួកគេស្មានថាខ្មោចលង ក៏ស្រែកឡើង
50. ព្រោះពួកគេគ្រប់គ្នាខ្លាចពេលឃើញព្រះអង្គ ហើយព្រះអង្គមានបន្ទូលទៅគេភ្លាមថា៖ «កុំខ្លាចអី ចូរក្លាហានឡើង គឺខ្ញុំទេ»
51. ព្រះអង្គក៏ឡើងទូកជាមួយពួកគេ ហើយខ្យល់បានស្ងប់ទៅ រីឯពួកគេនឹកអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង។
52. ដោយព្រោះចិត្ដគេរឹងរូស ពួកគេមិនយល់អំពីរឿងនំប៉័ងទេ។
53. ពេលឆ្លងដល់ដីគោក ពួកគេបានមកដល់តំបន់គេនេសារ៉ែត ហើយចតទូកនៅទីនោះ
54. ពេលពួកគេចេញពីទូក ប្រជាជនក៏ស្គាល់ព្រះអង្គភ្លាម
55. ពួកគេរត់ទៅគ្រប់ទីកន្លែងក្នុងតំបន់ទាំងមូល ហើយចាប់ផ្ដើមសែងអ្នកជំងឺលើកន្ទេល ទៅកន្លែងដែលគេឮថាព្រះអង្គនៅ
56. ពេលព្រះអង្គទៅដល់ទីណាក៏ដោយ មិនថានៅក្នុងភូមិស្រុក ឬក្រុងទេ ពួកគេបានដាក់អ្នកជំងឺនៅតាមផ្លូវ ហើយអង្វរព្រះអង្គឲ្យពួកគេពាល់ត្រឹមតែរំយោលអាវរបស់ព្រះអង្គប៉ុណ្ណោះ ហើយអស់អ្នកដែលបានពាល់ ក៏បានជាសះស្បើយ។