26. ពេលនោះ ស្ដេចប្រែជាព្រួយចិត្ដយ៉ាងខ្លាំង ព្រោះព្រះអង្គបានសន្យានៅចំពោះមុខភ្ញៀវដែលរួមតុជាមួយព្រះអង្គ ហើយព្រះអង្គមិនចង់បដិសេធសំណូមនាងទេ
27. ដូច្នេះ ស្ដេចក៏ចាត់ពេជ្ឈឃាដភ្លាម ទាំងបញ្ជាឲ្យនាំយកក្បាលលោកយ៉ូហានមក ពេជ្ឈឃាដក៏ចេញទៅកាត់កគាត់នៅក្នុងគុក
28. រួចគេបាននាំក្បាលគាត់ដាក់លើថាស មកប្រគល់ឲ្យនាង ហើយនាងក៏ប្រគល់ឲ្យម្ដាយនាង
29. ពេលសិស្សរបស់គាត់ឮដូច្នេះ ក៏មកយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។
30. កាលពួកសាវកមកជួបជុំគ្នានៅចំពោះព្រះយេស៊ូ គេក៏ទូលប្រាប់ព្រះអង្គពីអ្វីៗដែលគេបានធ្វើ និងបានបង្រៀន
31. ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាមកកន្លែងមួយស្ងាត់ដាច់ពីគេ ដើម្បីឲ្យខ្លួនអ្នករាល់គ្នាបានសម្រាកបន្ដិច» ព្រោះមនុស្សចេញចូលច្រើនពេក រកតែពេលបរិភោគក៏មិនបាន
32. ដូច្នេះ គេក៏ធ្វើដំណើរតាមទូកទៅកន្លែងមួយស្ងាត់ដាច់ពីគេ
33. ប៉ុន្ដែពេលបណ្ដាជនឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយបានដឹងពីកន្លែងដែលពួកគេទៅ ក៏រត់ដោយថ្មើរជើងពីក្រុងទាំងអស់ទៅទីនោះ ហើយបណ្ដាជនបានទៅដល់មុន
34. ពេលចេញពីទូក ព្រះអង្គបានឃើញមនុស្សច្រើនកុះករ ក៏មានចិត្ដអាណិតអាសូរពួកគេយ៉ាងខ្លាំង ព្រោះពួកគេដូចជាចៀមដែលគ្មានអ្នកគង្វាល ដូច្នេះព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេអំពីសេចក្ដីជាច្រើន។