ម៉ាកុស 6:13-22 Khmer Christian Bible (KCB)

13. និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ជា​ច្រើន​ ទាំង​ចាក់​ប្រេង​តាំង​លើ​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​បាន​ជា។​

14. ស្ដេច​ហេរ៉ូឌ​បាន​ឮ​ពី​ការ​នេះ​ ដ្បិត​ព្រះ​នាម​ព្រះអង្គ​ល្បី​ល្បាញ​ ហើយ​គេ​និយាយ​ថា៖​ «លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ហេតុ​នេះ​ហើយ​ បាន​ជា​មាន​ការ​អស្ចារ្យ​កើត​ឡើង​តាម​រយៈ​គាត់»​

15. ប៉ុន្ដែ​អ្នក​ខ្លះ​និយាយ​ថា៖​ «ជា​លោក​អេលីយ៉ា»​ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «ជា​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​ក្នុង​ចំណោម​អ្នក​នាំ​ព្រះបន្ទូល​ជំនាន់​មុន»​

16. កាល​ស្ដេច​ហេរ៉ូឌ​ឮ​ពី​ការ​នេះ​ក៏​មាន​បន្ទូល​ថា៖​ «លោក​យ៉ូហាន​ដែល​ខ្ញុំ​បាន​កាត់​ក​នោះ​ បាន​រស់​ឡើង​វិញ​ហើយ»​

17. ដ្បិត​ស្ដេច​ហេរ៉ូឌ​ផ្ទាល់​បាន​ចាត់​គេ​ឲ្យ​ចាប់​ចង​លោក​យ៉ូហាន​ដាក់​គុក ​ដោយ​សារ​ស្ដេច​បាន​រៀប​ការ​ជាមួយ​នាង​ហេរ៉ូឌាស​ ជា​ប្រពន្ធ​របស់​ភីលីព​ ដែល​ត្រូវ​ជា​ប្អូន​របស់​ស្ដេច​

18. ប៉ុន្ដែ​លោក​យ៉ូហាន​បាន​ទូល​ស្ដេច​ហេរ៉ូឌ​ថា៖​ «វា​មិន​ត្រឹម​ត្រូវ​ទេ​ ដែល​ព្រះអង្គ​យក​ប្រពន្ធ​របស់​ប្អូន​ខ្លួន​ឯង​នោះ»​

19. នាង​ហេរ៉ូឌាស​ក៏​ចង​គំនុំ​នឹង​លោក​យ៉ូហាន​ ហើយ​ចង់​សម្លាប់​គាត់​ តែ​នាង​មិន​អាច​ធ្វើ​បាន​

20. ដ្បិត​ស្ដេច​ហេរ៉ូឌ​កោត​ខ្លាច​ និង​ការពារ​លោក​យ៉ូហាន ព្រោះ​ដឹង​ថា​ គាត់​ជា​មនុស្ស​សុចរិត​បរិសុទ្ធ​ ហើយ​ព្រះអង្គ​ស្ដាប់​គាត់​ទាំង​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​ក៏​រារែក​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ដែរ។​

21. កាល​ឱកាស​ល្អ​មក​ដល់​ គឺ​នៅ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​ស្ដេច​ហេរ៉ូឌ​ ព្រះអង្គ​បាន​រៀប​ចំ​ពិធី​ជប់​លៀង​ឲ្យ​ពួក​មន្ត្រី​ មេ​ទ័ព​ធំៗ​ និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលីឡេ​

22. កូន​ស្រី​នាង​ហេរ៉ូឌាស​ក៏​ចូល​មក​រាំ​ថ្វាយ​ ហើយ​ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូឌ​ និង​ភ្ញៀវ​ដែល​រួម​តុ​ជា​មួយ​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​ ស្ដេច​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​ចង់​បាន​អ្វី​ ចូរ​សុំ​យើង​ចុះ​ យើង​នឹង​ឲ្យ​នាង»​

ម៉ាកុស 6