12. ដូច្នេះ ពួកគេក៏ចេញទៅ និងប្រកាសឲ្យមនុស្សប្រែចិត្ដ
13. និងបណ្ដេញវិញ្ញាណអាក្រក់ជាច្រើន ទាំងចាក់ប្រេងតាំងលើអ្នកជំងឺជាច្រើនឲ្យបានជា។
14. ស្ដេចហេរ៉ូឌបានឮពីការនេះ ដ្បិតព្រះនាមព្រះអង្គល្បីល្បាញ ហើយគេនិយាយថា៖ «លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានរស់ពីស្លាប់ឡើងវិញ ហេតុនេះហើយ បានជាមានការអស្ចារ្យកើតឡើងតាមរយៈគាត់»
15. ប៉ុន្ដែអ្នកខ្លះនិយាយថា៖ «ជាលោកអេលីយ៉ា» អ្នកខ្លះទៀតនិយាយថា៖ «ជាអ្នកនាំព្រះបន្ទូលម្នាក់ក្នុងចំណោមអ្នកនាំព្រះបន្ទូលជំនាន់មុន»
16. កាលស្ដេចហេរ៉ូឌឮពីការនេះក៏មានបន្ទូលថា៖ «លោកយ៉ូហានដែលខ្ញុំបានកាត់កនោះ បានរស់ឡើងវិញហើយ»
17. ដ្បិតស្ដេចហេរ៉ូឌផ្ទាល់បានចាត់គេឲ្យចាប់ចងលោកយ៉ូហានដាក់គុក ដោយសារស្ដេចបានរៀបការជាមួយនាងហេរ៉ូឌាស ជាប្រពន្ធរបស់ភីលីព ដែលត្រូវជាប្អូនរបស់ស្ដេច
18. ប៉ុន្ដែលោកយ៉ូហានបានទូលស្ដេចហេរ៉ូឌថា៖ «វាមិនត្រឹមត្រូវទេ ដែលព្រះអង្គយកប្រពន្ធរបស់ប្អូនខ្លួនឯងនោះ»
19. នាងហេរ៉ូឌាសក៏ចងគំនុំនឹងលោកយ៉ូហាន ហើយចង់សម្លាប់គាត់ តែនាងមិនអាចធ្វើបាន
20. ដ្បិតស្ដេចហេរ៉ូឌកោតខ្លាច និងការពារលោកយ៉ូហាន ព្រោះដឹងថា គាត់ជាមនុស្សសុចរិតបរិសុទ្ធ ហើយព្រះអង្គស្ដាប់គាត់ទាំងពេញចិត្ដយ៉ាងខ្លាំង ប៉ុន្ដែក៏រារែកក្នុងចិត្ដយ៉ាងខ្លាំងដែរ។
21. កាលឱកាសល្អមកដល់ គឺនៅថ្ងៃបុណ្យចម្រើនព្រះជន្មស្ដេចហេរ៉ូឌ ព្រះអង្គបានរៀបចំពិធីជប់លៀងឲ្យពួកមន្ត្រី មេទ័ពធំៗ និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ
22. កូនស្រីនាងហេរ៉ូឌាសក៏ចូលមករាំថ្វាយ ហើយធ្វើឲ្យស្ដេចហេរ៉ូឌ និងភ្ញៀវដែលរួមតុជាមួយពេញចិត្ដយ៉ាងខ្លាំង ស្ដេចក៏មានបន្ទូលទៅនាងថា៖ «នាងចង់បានអ្វី ចូរសុំយើងចុះ យើងនឹងឲ្យនាង»
23. ព្រះអង្គបានស្បថយ៉ាងម៉ឺងម៉ាត់ថា៖ «អ្វីក៏ដោយដែលនាងសុំយើង យើងនឹងឲ្យនាង សូម្បីតែនគររបស់យើងមួយចំហៀងក៏ដោយ»
24. នាងក៏ចេញទៅសួរម្ដាយនាងថា៖ «តើខ្ញុំគួរសុំអ្វី?» នោះម្ដាយនាងបានប្រាប់ថា៖ «ក្បាលរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក»