ម៉ាកុស 5:8-20 Khmer Christian Bible (KCB)

8. ដ្បិត​ព្រះអង្គ​បាន​មាន​ប​ន្ទូល​ប្រាប់​ទៅ​វា​ថា៖​ «វិញ្ញាណ​អាក្រក់​ ចេញ​ពី​មនុស្ស​នេះ​ទៅ!»​

9. ព្រះអង្គ​ក៏​សួរ​វា​ថា៖​ «តើ​ឯង​ឈ្មោះ​អ្វី?»​ ហើយ​វា​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ឈ្មោះ​ខ្ញុំ​គឺ​កង​ទ័ព​ ព្រោះ​យើង​មាន​គ្នា​ច្រើន»​

10. ហើយ​វា​បាន​អង្វរ​ព្រះអង្គ​យ៉ាង​ទទូច​ កុំ​ឲ្យ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។​

11. មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​ស៊ី​ចំណី​នៅ​ក្បែរ​ភ្នំ​នោះ​

12. ពួក​វា​បាន​អង្វរ​ព្រះអង្គ​ដោយ​ទូល​ថា៖​ «សូម​បញ្ជូន​យើង​ទៅ​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ដើម្បី​ឲ្យ​យើង​អាច​ចូល​ក្នុង​ពួក​វា​បាន»​

13. ព្រះអង្គ​ក៏​អនុញ្ញាត​ឲ្យ​ពួក​វា​ នោះ​វិញ្ញាណ​អាក្រក់​បាន​ចេញ​មក​ និង​ចូល​ទៅ​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ហើយ​ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រហែល​ជា​ពីរ​ពាន់​ក្បាល​នោះ​ ក៏​បោល​តាម​ច្រាំង​ចំណោត​ចុះ​ទៅ​ក្នុង​បឹង​ ហើយ​លង់​ទឹក​អស់​ទៅ​

14. ឯ​ពួក​អ្នក​ចិញ្ចឹម​ជ្រូក​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​អស់​ ហើយ​រៀប​រាប់​ពី​ការ​នេះ​នៅ​តាម​ក្រុង​ និង​ទី​ជនបទ​នានា​ នោះ​ប្រជាជន​ក៏​នាំ​គ្នា​មក​មើល​អ្វី​ដែល​បាន​កើត​ឡើង​

15. ពួកគេ​មក​ឯ​ព្រះយេស៊ូ​ ហើយ​ឃើញ​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ឈ្មោះ​កង​ទ័ព​ចូល​ពី​មុន​នោះ​ បាន​ស្លៀក​ពាក់​ និង​អង្គុយ​ទាំង​មាន​ស្មារតី​ឡើង​វិញ​ នោះ​ពួកគេ​ក៏​មាន​សេចក្ដី​កោត​ខ្លាច​

16. ហើយ​អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ បាន​រៀប​រាប់​ប្រាប់​ពួក​គេ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​ និង​ហ្វូង​ជ្រូក​ទាំង​នោះ​

17. ពួកគេ​ក៏​ចាប់​ផ្ដើម​អង្វរ​ព្រះអង្គ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ពួកគេ។​

18. នៅ​ពេល​ព្រះអង្គ​យាង​ចុះ​ក្នុង​ទូក​ មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​នោះ​បាន​អង្វរ​ព្រះអង្គ​សុំ​នៅ​ជាមួយ​

19. ព្រះអង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ទេ​ ប៉ុន្ដែ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ផ្ទះ​របស់​អ្នក​ និង​សាច់​ញាតិ​របស់​អ្នក​ ហើយ​រៀប​រាប់​ប្រាប់​ពួកគេពី​ការ​ទាំង​អស់​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក​ និង​បាន​មេត្ដា​ដល់​អ្នក»។​

20. គាត់​ក៏​ចាក​ចេញ​ទៅ​ និង​ចាប់​ផ្ដើម​ប្រកាស​នៅ​ស្រុក​ដេកាប៉ូល​ពី​ការ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់​ ហើយ​មនុស្ស​គ្រប់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ។​

ម៉ាកុស 5