7. និងទូលដោយសំឡេងស្រែកខ្លាំងៗថា៖ «ឱព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គ និងខ្ញុំមានហេតុអ្វីនឹងគ្នា? ខ្ញុំសុំឲ្យព្រះអង្គស្បថនឹងព្រះជាម្ចាស់ថា មិនធ្វើទារុណកម្មខ្ញុំទេ»
8. ដ្បិតព្រះអង្គបានមានបន្ទូលប្រាប់ទៅវាថា៖ «វិញ្ញាណអាក្រក់ ចេញពីមនុស្សនេះទៅ!»
9. ព្រះអង្គក៏សួរវាថា៖ «តើឯងឈ្មោះអ្វី?» ហើយវាឆ្លើយទៅព្រះអង្គថា៖ «ឈ្មោះខ្ញុំគឺកងទ័ព ព្រោះយើងមានគ្នាច្រើន»
10. ហើយវាបានអង្វរព្រះអង្គយ៉ាងទទូច កុំឲ្យបណ្ដេញពួកវាចេញពីស្រុកនោះ។
11. មានជ្រូកមួយហ្វូងធំកំពុងស៊ីចំណីនៅក្បែរភ្នំនោះ
12. ពួកវាបានអង្វរព្រះអង្គដោយទូលថា៖ «សូមបញ្ជូនយើងទៅក្នុងសត្វជ្រូកទាំងនោះ ដើម្បីឲ្យយើងអាចចូលក្នុងពួកវាបាន»
13. ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា នោះវិញ្ញាណអាក្រក់បានចេញមក និងចូលទៅក្នុងសត្វជ្រូកទាំងនោះ ហើយហ្វូងជ្រូកដែលមានចំនួនប្រហែលជាពីរពាន់ក្បាលនោះ ក៏បោលតាមច្រាំងចំណោតចុះទៅក្នុងបឹង ហើយលង់ទឹកអស់ទៅ
14. ឯពួកអ្នកចិញ្ចឹមជ្រូកទាំងនោះបានរត់គេចខ្លួនអស់ ហើយរៀបរាប់ពីការនេះនៅតាមក្រុង និងទីជនបទនានា នោះប្រជាជនក៏នាំគ្នាមកមើលអ្វីដែលបានកើតឡើង
15. ពួកគេមកឯព្រះយេស៊ូ ហើយឃើញអ្នកដែលមានវិញ្ញាណអាក្រក់ឈ្មោះកងទ័ពចូលពីមុននោះ បានស្លៀកពាក់ និងអង្គុយទាំងមានស្មារតីឡើងវិញ នោះពួកគេក៏មានសេចក្ដីកោតខ្លាច
16. ហើយអ្នកដែលបានឃើញហេតុការណ៍នោះ បានរៀបរាប់ប្រាប់ពួកគេពីអ្វីដែលបានកើតឡើងចំពោះមនុស្ស ដែលមានវិញ្ញាណអាក្រក់ចូលពីមុន និងហ្វូងជ្រូកទាំងនោះ
17. ពួកគេក៏ចាប់ផ្ដើមអង្វរព្រះអង្គឲ្យចាកចេញពីស្រុករបស់ពួកគេ។
18. នៅពេលព្រះអង្គយាងចុះក្នុងទូក មនុស្សដែលមានវិញ្ញាណអាក្រក់ចូលពីមុននោះបានអង្វរព្រះអង្គសុំនៅជាមួយ
19. ព្រះអង្គមិនបានអនុញ្ញាតឲ្យគាត់ទេ ប៉ុន្ដែមានបន្ទូលទៅគាត់ថា៖ «ចូរទៅផ្ទះរបស់អ្នក និងសាច់ញាតិរបស់អ្នក ហើយរៀបរាប់ប្រាប់ពួកគេពីការទាំងអស់ដែលព្រះអម្ចាស់បានធ្វើសម្រាប់អ្នក និងបានមេត្ដាដល់អ្នក»។
20. គាត់ក៏ចាកចេញទៅ និងចាប់ផ្ដើមប្រកាសនៅស្រុកដេកាប៉ូលពីការទាំងអស់ដែលព្រះយេស៊ូបានធ្វើសម្រាប់គាត់ ហើយមនុស្សគ្រប់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ដ។
21. ព្រះយេស៊ូបានចុះទូកឆ្លងទៅត្រើយម្ខាងទៀត មានមនុស្សច្រើនកុះករប្រមូលផ្ដុំគ្នាមករកព្រះអង្គ ដែលកំពុងគង់នៅមាត់បឹង
22. ហើយមានប្រធានសាលាប្រជុំម្នាក់ ឈ្មោះយៃរ៉ូសមករកព្រះអង្គ កាលបានឃើញព្រះអង្គហើយ គាត់ក៏ក្រាបចុះនៅទៀបព្រះអង្គ