ម៉ាកុស 4:28-41 Khmer Christian Bible (KCB)

28. ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង​ មុន​ដំបូង​ជា​ពន្លក​ បន្ទាប់​មក​ ចេញ​ជា​កួរ​ ហើយ​ក្រោយ​មក​ទៀត​ចេញ​ជា​គ្រាប់​ស្រូវ​ពេញ​លេញ​

29. ប៉ុន្ដែ​នៅ​ពេល​ស្រូវ​ទុំ​ គាត់​ក៏​យក​កណ្ដៀវ​មក​ច្រូត​ភ្លាម​ ព្រោះ​ដល់​រដូវ​ច្រូត​កាត់​ហើយ»។​

30. ព្រះអង្គ​មាន​បន្ទូល​ថា៖​ «តើ​យើង​ប្រៀ​ប​ធៀប​នគរ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី​ ឬ​តើ​យើង​នឹង​ប្រើ​រឿង​អ្វី​ ដើម្បី​ពន្យល់​ពី​នគរ​ព្រះជាម្ចាស់?​

31. នគរ​ព្រះជាម្ចាស់​ប្រៀប​ដូចជា​គ្រាប់​មូតា​ ជា​គ្រាប់​តូច​ល្អិត​ជាង​គ្រាប់​ពូជ​ណាៗ​ទាំង​អស់​នៅ​លើ​ផែន​ដី​

32. ប៉ុន្ដែ​នៅ​ពេល​ដែល​គេ​ព្រោះ​គ្រាប់​ពូជ​នោះ​ទៅ​ វា​ក៏​ដុះ​ឡើង​ធំ​ជាង​រុក្ខជាតិ​ទាំង​អស់​ និង​មាន​មែក​ធំៗ​ ហើយ​សត្វ​ស្លាប​ហើរ​លើ​អាកាស​អាច​ធ្វើ​សំបុក​ក្រោម​ម្លប់​របស់​វា​បាន»។​

33. ព្រះអង្គ​បាន​ប្រកាស​ព្រះបន្ទូល​ដល់​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​ស្រដៀង​គ្នា​ជាច្រើន​ដែល​ពួកគេ​អាច​ស្ដាប់​បាន។​

34. ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ ក្រៅ​ពី​រឿង​ប្រៀប​ប្រដូច​ឡើយ​ តែ​ពេល​នៅ​តែ​ឯង​ជាមួយ​នឹង​ពួក​សិស្ស​ ព្រះអង្គ​បាន​ពន្យល់​ប្រាប់​សព្វគ្រប់។​

35. នៅ​ល្ងាច​ថ្ងៃ​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យើង​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង»។​

36. ពួកគេ​ក៏​ចាក​ចេញ​ពី​បណ្ដាជន​ ឯ​ព្រះយេស៊ូ​នៅ​តែ​គង់​នៅ​លើ​ទូក​នោះ​ និង​មាន​ទូក​ផ្សេង​ទៀត​បាន​ទៅ​ជាមួយ​ព្រះអង្គ​ដែរ។​

37. មាន​ខ្យល់​ព្យុះ​ធំ​មួយ​កើត​ឡើង​ ហើយ​រលក​បាន​បោក​បក់​ទៅ​លើ​ទូក​ ធ្វើ​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ​ទូក​

38. តែ​ព្រះអង្គ​គង់​នៅ​កន្សៃទូក​ ផ្ទំ​លក់​លើ​ខ្នើយ​ ហើយ​ពួកគេ​ក៏​ដាស់​ព្រះអង្គ​ និង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ!​ យើង​វិនាស​ហើយ!​ តើ​លោក​មិន​ខ្វល់​ខ្វាយ​ទេ​ឬ?»​

39. ព្រះអង្គ​បាន​ភ្ញាក់​ឡើង​ ហើយ​បន្ទោស​ខ្យល់​ និង​មាន​បន្ទូល​ទៅ​កាន់​រលក​ថា៖​ «ចូរ​ស្ងប់​ ហើយ​ស្ងៀម​ទៅ!»​ នោះ​ខ្យល់​ក៏​ស្ងប់​ ហើយ​ក៏​មាន​ភាព​ស្ងាត់​ឈឹង​

40. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ភ័យ​ខ្លាច​ដូច្នេះ?​ តើ​អ្នក​រាល់គ្នា​នៅ​តែ​គ្មាន​ជំនឿ​ឬ?»​

41. នោះ​ពួកគេ​កោត​ខ្លាច​យ៉ាង​ខ្លាំង​ និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ចុះ​តើ​លោក​នេះ​ជា​នរណា​ សូម្បី​តែ​ខ្យល់​ និង​បឹង​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ?»​

ម៉ាកុស 4