ម៉ាកុស 4:18-29 Khmer Christian Bible (KCB)

18. ឯ​អ្នក​ដទៃ​ទៀត​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ ដែល​បាន​ព្រោះ​ចុះ​ទៅ​លើ​គុម្ព​បន្លា​ គេ​ឮ​ព្រះបន្ទូល​

19. ប៉ុន្ដែ​ពេល​សេចក្ដី​ខ្វល់​ខ្វាយ​នៃ​ជីវិត​ សេចក្ដី​បោក​បញ្ចោត​នៃ​ទ្រព្យ​សម្បត្ដិ​ និង​សេចក្ដី​ប៉ងប្រាថ្នា​ផ្សេងៗ​ចូល​មក​ នោះ​ក៏​រួបរឹត​ព្រះបន្ទូល​មិន​ឲ្យ​បង្កើត​ផល​ផ្លែ​

20. ហើយ​អ្នក​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ ដែល​បាន​ព្រោះ​ចុះ​ទៅ​លើ​ដី​ល្អ​ គេ​ឮ​ព្រះបន្ទូល​ក៏​ទទួល​យក​ ហើយ​បង្កើត​ផលផ្លែ​ មួយ​ជា​សាមសិប​ មួយ​ជា​ហុក​សិប​ និង​មួយ​ជា​មួយ​រយ»។​

21. បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​គេ​យក​ចង្កៀង​ទៅ​ដាក់​នៅ​ក្រោម​ថាំង​ ឬ​នៅ​ក្រោម​គ្រែ​ឬ?​ តើ​គេ​មិន​ដាក់​វា​នៅ​លើ​ជើង​ចង្កៀង​ទេ​ឬ​អី?​

22. ដ្បិត​គ្មាន​ការ​លាក់​កំបាំង​អ្វី​ដែល​មិន​បាន​បើក​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​អាថ៌​កំបាំង​អ្វី​ដែល​មិន​បាន​លាត​ត្រដាង​ចេញ​មក​នោះ​ដែរ​

23. អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ»​

24. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ចូរ​ពិចារណា​ពី​សេចក្ដី​ដែល​អ្នក​រាល់គ្នា​ស្ដាប់​ចុះ។​ រង្វាល់​ដែល​អ្នក​រាល់គ្នា​វាល់​ឲ្យ​គេ​ អ្នក​រាល់គ្នា​នឹងទទួល​តាម​រង្វាល់​ដែល​អ្នក​រាល់គ្នា​បាន​វាល់​ឲ្យ​គេ​ ទាំង​បន្ថែម​ឲ្យ​អ្នក​រាល់គ្នា​ទៀត​ផង​

25. ដ្បិត​អ្នកណា​ដែល​មាន​ នឹង​បន្ថែម​ឲ្យ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង»។​

26. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ព្រះជាម្ចាស់​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ ព្រោះ​គ្រាប់​ពូជ​ទៅ​លើ​ដី​

27. ហើយ​គាត់​ដេក​នៅ​ពេល​យប់​ ក្រោក​ឡើង​នៅ​ពេល​ថ្ងៃ​ គាត់​មិន​បាន​ដឹង​ថា​ គ្រាប់​ពូជ​នោះ​ចេញ​ពន្លក​ដុះ​ឡើង​តាម​របៀប​ណា​ទេ។​

28. ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង​ មុន​ដំបូង​ជា​ពន្លក​ បន្ទាប់​មក​ ចេញ​ជា​កួរ​ ហើយ​ក្រោយ​មក​ទៀត​ចេញ​ជា​គ្រាប់​ស្រូវ​ពេញ​លេញ​

29. ប៉ុន្ដែ​នៅ​ពេល​ស្រូវ​ទុំ​ គាត់​ក៏​យក​កណ្ដៀវ​មក​ច្រូត​ភ្លាម​ ព្រោះ​ដល់​រដូវ​ច្រូត​កាត់​ហើយ»។​

ម៉ាកុស 4