6. តែព្រះយេស៊ូមានបន្ទូលថា៖ «បណ្ដោយតាមនាងទៅ ហេតុអ្វីក៏អ្នករាល់គ្នាបង្ករឿងឲ្យនាងពិបាកដូច្នេះ? នាងបានធ្វើកិច្ចការដ៏ប្រសើរសម្រាប់ខ្ញុំ
7. ដ្បិតអ្នកក្រតែងនៅជាមួយអ្នករាល់គ្នាជានិច្ច អ្នករាល់គ្នាចង់ធ្វើល្អចំពោះពួកគេពេលណាក៏អាចធ្វើបាន ប៉ុន្ដែខ្ញុំវិញ មិននៅជាមួយអ្នករាល់គ្នារហូតទេ
8. នាងបានធ្វើអ្វីដែលនាងអាចធ្វើបានរួចហើយ គឺនាងបានលាបប្រេងលើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពខ្ញុំជាមុន
9. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល ទីណាដែលគេប្រកាសដំណឹងល្អ គេក៏និយាយពីអ្វីដែលស្ដ្រីម្នាក់នេះបានធ្វើដែរ ដើម្បីជាការរំលឹកដល់នាង»។
10. យូដាសអ៊ីស្ការីយ៉ុត ជាសាវកម្នាក់នៅក្នុងចំណោមសាវកទាំងដប់ពីរ បានទៅជួបពួកសម្ដេចសង្ឃ ដើម្បីប្រគល់ព្រះអង្គទៅឲ្យពួកគេ
11. ពេលពួកគេឮ ក៏ត្រេកអរណាស់ និងបានសន្យាឲ្យលុយដល់គាត់ រួចគាត់ក៏រកមធ្យោបាយ ដើម្បីប្រគល់ព្រះអង្គទៅឲ្យគេតាមពេលវេលាសមស្រប។
12. នៅថ្ងៃទីមួយនៅថ្ងៃបុណ្យនំបុ័ងឥតមេ ពេលគេសម្លាប់កូនចៀមធ្វើបុណ្យរំលង ពួកសិស្សសួរព្រះអង្គថា៖ «តើលោកចង់ឲ្យយើងរៀបចំឲ្យលោកបរិភោគក្នុងពិធីបុណ្យរំលងនៅកន្លែងណា?»
13. ព្រះអង្គក៏ចាត់សិស្សរបស់ព្រះអង្គពីរនាក់ទៅ ដោយមានបន្ទូលថា៖ «ចូរទៅក្នុងក្រុងនោះ អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក ហើយទៅតាមអ្នកនោះចុះ
14. ពេលគាត់ចូលក្នុងផ្ទះមួយណា ចូរប្រាប់ម្ចាស់ផ្ទះនោះថា លោកគ្រូសួរថា តើបន្ទប់ដែលខ្ញុំត្រូវបរិភោគអាហារជាមួយសិស្សរបស់ខ្ញុំក្នុងថ្ងៃបុណ្យរំលងនៅឯណា?
15. គាត់នឹងបង្ហាញដល់អ្នករាល់គ្នានូវបន្ទប់ដ៏ធំមួយនៅជាន់លើដែលរៀបជាស្រេច ចូររៀបចំសម្រាប់ពួកយើងនៅទីនោះចុះ»។
16. សិស្សទាំងពីរនាក់នោះក៏ចេញទៅ ហើយពេលចូលដល់ក្នុងក្រុង ពួកគេឃើញដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ ដូច្នេះ ពួកគេក៏រៀបចំពិធីបុណ្យរំលង