54. ឯលោកពេត្រុសវិញ បានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងសាលាសម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយពួកកងរក្សាព្រះវិហារ។
55. ពួកសម្ដេចសង្ឃ និងក្រុមប្រឹក្សាជាន់កំពូលទាំងមូលបានរកសាក្សីប្រឆាំងនឹងព្រះយេស៊ូ ដើម្បីសម្លាប់ព្រះអង្គ ប៉ុន្ដែពួកគេរកមិនបានសោះ
56. ព្រោះមនុស្សច្រើននាក់បានធ្វើបន្ទាល់ក្លែងក្លាយប្រឆាំងព្រះអង្គ ប៉ុន្ដែបន្ទាល់ទាំងនោះមិនស្របគ្នាទេ
57. អ្នកខ្លះបានក្រោកឡើងធ្វើបន្ទាល់ក្លែងក្លាយប្រឆាំងនឹងព្រះអង្គថា៖
58. «យើងបានឮគាត់និយាយថា ខ្ញុំនឹងបំផ្លាញព្រះវិហារដែលធ្វើដោយដៃមនុស្សនេះចោល ហើយបីថ្ងៃក្រោយ ខ្ញុំនឹងសង់មួយទៀតដែលមិនធ្វើពីដៃមនុស្សទេ»
59. ទោះជាដូច្នេះក្ដី ក៏បន្ទាល់របស់ពួកគេមិនស្របគ្នាសោះ
60. សម្ដេចសង្ឃក៏ក្រោកឈរឡើងនៅកណ្ដាលពួកគេ សួរព្រះយេស៊ូថា៖ «តើអ្នកគ្មានចម្លើយចំពោះអ្វីដែលអ្នកទាំងនេះបានចោទប្រកាន់អ្នកទេឬ?»
61. តែព្រះអង្គនៅស្ងៀម មិនឆ្លើយអ្វីឡើយ សម្ដេចសង្ឃក៏សួរព្រះអង្គទៀតថា៖ «តើអ្នកជាព្រះគ្រិស្ដ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏មានពរមែនឬ?»
62. ព្រះយេស៊ូឆ្លើយថា៖ «គឺខ្ញុំហើយ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានអំណាច ហើយមកជាមួយពពកលើមេឃ»
63. សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន រួចនិយាយថា «តើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត?
64. អ្នករាល់គ្នាបានស្ដាប់ឮពាក្យប្រមាថដល់ព្រះជាម្ចាស់ហើយ តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេចដែរ?» ពេលនោះ ពួកគេទាំងអស់គ្នាបានកាត់ទោសព្រះអង្គថាសមតែស្លាប់
65. អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទមុខព្រះអង្គ ហើយដាល់ព្រះអង្គ រួចនិយាយថា៖ «ទាយទៅមើល៍!» ពួកកងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង