49. ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃ ទាំងបង្រៀននៅក្នុងព្រះវិហារផង អ្នករាល់គ្នាមិនចាប់ខ្ញុំទេ ប៉ុន្ដែការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ»
50. ពួកគេទាំងអស់គ្នាក៏រត់គេចខ្លួនចោលព្រះអង្គអស់
51. មានកំលោះម្នាក់ដែលបានទៅតាមព្រះអង្គ គាត់ស្លៀកតែក្រណាត់ទេសឯកជាប់នឹងខ្លួនទទេរបស់គាត់ ពួកគេក៏ចាប់គាត់
52. គាត់ក៏រត់គេចទាំងអាក្រាត ទាំងរបូតក្រណាត់ទេសឯកចេញពីខ្លួន
53. រួចពួកគេក៏នាំព្រះយេស៊ូទៅឯសម្ដេចសង្ឃ ឯពួកសម្ដេចសង្ឃ ពួកចាស់ទុំ និងពួកគ្រូវិន័យទាំងអស់បានមកជួបជុំគ្នា។
54. ឯលោកពេត្រុសវិញ បានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងសាលាសម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយពួកកងរក្សាព្រះវិហារ។
55. ពួកសម្ដេចសង្ឃ និងក្រុមប្រឹក្សាជាន់កំពូលទាំងមូលបានរកសាក្សីប្រឆាំងនឹងព្រះយេស៊ូ ដើម្បីសម្លាប់ព្រះអង្គ ប៉ុន្ដែពួកគេរកមិនបានសោះ
56. ព្រោះមនុស្សច្រើននាក់បានធ្វើបន្ទាល់ក្លែងក្លាយប្រឆាំងព្រះអង្គ ប៉ុន្ដែបន្ទាល់ទាំងនោះមិនស្របគ្នាទេ
57. អ្នកខ្លះបានក្រោកឡើងធ្វើបន្ទាល់ក្លែងក្លាយប្រឆាំងនឹងព្រះអង្គថា៖
58. «យើងបានឮគាត់និយាយថា ខ្ញុំនឹងបំផ្លាញព្រះវិហារដែលធ្វើដោយដៃមនុស្សនេះចោល ហើយបីថ្ងៃក្រោយ ខ្ញុំនឹងសង់មួយទៀតដែលមិនធ្វើពីដៃមនុស្សទេ»
59. ទោះជាដូច្នេះក្ដី ក៏បន្ទាល់របស់ពួកគេមិនស្របគ្នាសោះ
60. សម្ដេចសង្ឃក៏ក្រោកឈរឡើងនៅកណ្ដាលពួកគេ សួរព្រះយេស៊ូថា៖ «តើអ្នកគ្មានចម្លើយចំពោះអ្វីដែលអ្នកទាំងនេះបានចោទប្រកាន់អ្នកទេឬ?»
61. តែព្រះអង្គនៅស្ងៀម មិនឆ្លើយអ្វីឡើយ សម្ដេចសង្ឃក៏សួរព្រះអង្គទៀតថា៖ «តើអ្នកជាព្រះគ្រិស្ដ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏មានពរមែនឬ?»
62. ព្រះយេស៊ូឆ្លើយថា៖ «គឺខ្ញុំហើយ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានអំណាច ហើយមកជាមួយពពកលើមេឃ»
63. សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន រួចនិយាយថា «តើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត?
64. អ្នករាល់គ្នាបានស្ដាប់ឮពាក្យប្រមាថដល់ព្រះជាម្ចាស់ហើយ តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេចដែរ?» ពេលនោះ ពួកគេទាំងអស់គ្នាបានកាត់ទោសព្រះអង្គថាសមតែស្លាប់
65. អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទមុខព្រះអង្គ ហើយដាល់ព្រះអង្គ រួចនិយាយថា៖ «ទាយទៅមើល៍!» ពួកកងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង
66. ពេលនោះលោកពេត្រុសកំពុងតែនៅទីលានខាងក្រោម ហើយមានស្ដ្រីម្នាក់ ជាបាវបម្រើរបស់សម្ដេចសង្ឃមកដល់។
67. កាលឃើញលោកពេត្រុសកំពុងអាំងភ្លើង នាងបានសម្លឹងមើលគាត់ ហើយនិយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូអ្នកក្រុងណាសារ៉ែតដែរ»
68. ប៉ុន្ដែគាត់បដិសេធថា៖ «ខ្ញុំមិនដឹង និងមិនយល់អំពីអ្វីដែលអ្នកកំពុងនិយាយនោះទេ» រួចគាត់ចេញទៅខាងក្រៅ នៅមុខសាលា មាន់ក៏រងាវឡើង
69. ហើយស្រីបម្រើម្នាក់ដែលបានឃើញគាត់ ក៏ចាប់ផ្ដើមប្រាប់អ្នកដែលឈរនៅក្បែរនោះម្ដងទៀតថា៖ «អ្នកនេះក៏នៅក្នុងចំណោមពួកអ្នកទាំងនោះដែរ»