44. អ្នកក្បត់ព្រះអង្គម្នាក់នោះបានឲ្យសញ្ញាទៅពួកគេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ ចូរចាប់គាត់ ហើយនាំគាត់ទៅដោយប្រយ័ត្នប្រយែងចុះ»
45. គាត់ចូលមកភ្លាម ក៏ចូលទៅជិតព្រះអង្គទាំងទូលថា៖ «លោកគ្រូ» រួចក៏ថើបព្រះអង្គ
46. ហើយពួកគេក៏លូកដៃចាប់ព្រះអង្គ
47. តែមនុស្សម្នាក់ឈរនៅជិតនោះ បានហូតដាវ កាត់ដាច់ត្រចៀកបាវបម្រើម្នាក់របស់សម្ដេចសង្ឃ
48. ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមកចាប់ខ្ញុំទាំងមានដាវ និងដំបងដូច្នេះ?
49. ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃ ទាំងបង្រៀននៅក្នុងព្រះវិហារផង អ្នករាល់គ្នាមិនចាប់ខ្ញុំទេ ប៉ុន្ដែការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ»
50. ពួកគេទាំងអស់គ្នាក៏រត់គេចខ្លួនចោលព្រះអង្គអស់
51. មានកំលោះម្នាក់ដែលបានទៅតាមព្រះអង្គ គាត់ស្លៀកតែក្រណាត់ទេសឯកជាប់នឹងខ្លួនទទេរបស់គាត់ ពួកគេក៏ចាប់គាត់
52. គាត់ក៏រត់គេចទាំងអាក្រាត ទាំងរបូតក្រណាត់ទេសឯកចេញពីខ្លួន
53. រួចពួកគេក៏នាំព្រះយេស៊ូទៅឯសម្ដេចសង្ឃ ឯពួកសម្ដេចសង្ឃ ពួកចាស់ទុំ និងពួកគ្រូវិន័យទាំងអស់បានមកជួបជុំគ្នា។
54. ឯលោកពេត្រុសវិញ បានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងសាលាសម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយពួកកងរក្សាព្រះវិហារ។
55. ពួកសម្ដេចសង្ឃ និងក្រុមប្រឹក្សាជាន់កំពូលទាំងមូលបានរកសាក្សីប្រឆាំងនឹងព្រះយេស៊ូ ដើម្បីសម្លាប់ព្រះអង្គ ប៉ុន្ដែពួកគេរកមិនបានសោះ
56. ព្រោះមនុស្សច្រើននាក់បានធ្វើបន្ទាល់ក្លែងក្លាយប្រឆាំងព្រះអង្គ ប៉ុន្ដែបន្ទាល់ទាំងនោះមិនស្របគ្នាទេ
57. អ្នកខ្លះបានក្រោកឡើងធ្វើបន្ទាល់ក្លែងក្លាយប្រឆាំងនឹងព្រះអង្គថា៖
58. «យើងបានឮគាត់និយាយថា ខ្ញុំនឹងបំផ្លាញព្រះវិហារដែលធ្វើដោយដៃមនុស្សនេះចោល ហើយបីថ្ងៃក្រោយ ខ្ញុំនឹងសង់មួយទៀតដែលមិនធ្វើពីដៃមនុស្សទេ»
59. ទោះជាដូច្នេះក្ដី ក៏បន្ទាល់របស់ពួកគេមិនស្របគ្នាសោះ
60. សម្ដេចសង្ឃក៏ក្រោកឈរឡើងនៅកណ្ដាលពួកគេ សួរព្រះយេស៊ូថា៖ «តើអ្នកគ្មានចម្លើយចំពោះអ្វីដែលអ្នកទាំងនេះបានចោទប្រកាន់អ្នកទេឬ?»