32. បន្ទាប់មក ពួកគេក៏មកដល់កន្លែងមួយដែលឈ្មោះថា សួនគែតសេម៉ានី ព្រះអង្គមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរអង្គុយនៅទីនេះចុះ ពេលខ្ញុំកំពុងអធិស្ឋាន»
33. ព្រះអង្គក៏យកលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅជាមួយ ហើយព្រះអង្គចាប់ផ្ដើមតានតឹង និងពិបាកចិត្ដយ៉ាងខ្លាំង
34. ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំព្រួយចិត្ដស្ទើរស្លាប់ទៅហើយ ចូរនៅទីនេះ ហើយប្រុងស្មារតី»
35. កាលព្រះអង្គយាងទៅមុខបានបន្ដិច ក៏ទម្លាក់ខ្លួនក្រាបលើដី ហើយអធិស្ឋានថា ប្រសិនបើអាច សូមឲ្យពេលវេលានោះរំលងផុតពីព្រះអង្គទៅ
36. គឺព្រះអង្គមានបន្ទូលថា៖ «អ័ប្បា ព្រះវរបិតាអើយ! ព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បាន សូមដកពែងនេះចេញពីខ្ញុំ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំឡើយ គឺតាមបំណងរបស់ព្រះអង្គវិញ»
37. រួចព្រះអង្គត្រលប់មកវិញ ក៏ឃើញពួកគេដេកលក់អស់ ព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «ស៊ីម៉ូនអើយ! តើអ្នកដេកលក់ដែរឬ? តើអ្នកទ្រាំមិនដេកតែមួយម៉ោង មិនបានទេឬ?
38. ចូរប្រុងស្មារតីឡើង ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែរូបកាយខ្សោយទេ»
39. ព្រះអង្គក៏ចេញទៅម្ដងទៀត និងបានអធិស្ឋានតាមពាក្យដដែលដូចព្រះអង្គមានបន្ទូលពីមុន
40. ពេលព្រះអង្គយាងមកវិញ ក៏ឃើញពួកគេដេកលក់ទៀត ព្រោះពួកគេងងុយបើកភ្នែកមិនរួច ហើយគេមិនដឹងថា គួរឆ្លើយនឹងព្រះអង្គយ៉ាងដូចម្ដេចឡើយ
41. កាលព្រះអង្គយាងមកជាលើកទីបី ក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅដេក និងសម្រាកដល់ពេលណាទៀត? ល្មមហើយ មើល៍ ពេលកំណត់មកដល់ហើយ កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃពួកមនុស្សបាប
42. ចូរក្រោកឡើង យើងនាំគ្នាទៅ មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។
43. កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះយូដាសជាសាវកម្នាក់ នៅក្នុងចំណោមសាវកទាំងដប់ពីរក៏មកដល់ភ្លាម ហើយមានមនុស្សមួយក្រុមប្រដាប់ដោយដាវ និងដំបងមកជាមួយគាត់ដែរ អ្នកទាំងនោះមកពីខាងពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំ
44. អ្នកក្បត់ព្រះអង្គម្នាក់នោះបានឲ្យសញ្ញាទៅពួកគេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ ចូរចាប់គាត់ ហើយនាំគាត់ទៅដោយប្រយ័ត្នប្រយែងចុះ»
45. គាត់ចូលមកភ្លាម ក៏ចូលទៅជិតព្រះអង្គទាំងទូលថា៖ «លោកគ្រូ» រួចក៏ថើបព្រះអង្គ
46. ហើយពួកគេក៏លូកដៃចាប់ព្រះអង្គ
47. តែមនុស្សម្នាក់ឈរនៅជិតនោះ បានហូតដាវ កាត់ដាច់ត្រចៀកបាវបម្រើម្នាក់របស់សម្ដេចសង្ឃ