18. ពេលពួកគេកំពុងអង្គុយបរិភោគ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ អ្នកនោះកំពុងបរិភោគជាមួយខ្ញុំដែរ»
19. ពួកគេចាប់ផ្ដើមកើតទុក្ខ ហើយសួរព្រះអង្គម្ដងម្នាក់ៗថា៖ «មិនមែនខ្ញុំទេ មែនទេ?»
20. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ អ្នកនោះកំពុងជ្រលក់ក្នុងចានជាមួយខ្ញុំដែរ
21. ដ្បិតកូនមនុស្សត្រូវទៅដូចមានចែងអំពីលោកមែន ប៉ុន្ដែវេទនាដល់អ្នកដែលបានក្បត់កូនមនុស្ស ហើយជាការប្រសើរជាង ប្រសិនបើអ្នកនោះមិនបានកើតមកទេ»
22. កាលពួកគេកំពុងបរិភោគ នោះព្រះអង្គយកនំប៉័ងមកឲ្យពរ ហើយកាច់ចែកឲ្យពួកគេ ទាំងមានបន្ទូលថា៖ «ចូរទទួលចុះ នេះជារូបកាយរបស់ខ្ញុំ»
23. បន្ទាប់មក ព្រះអង្គយកពែងមកអរព្រះគុណ ហើយឲ្យពែងនោះដល់ពួកគេ គេគ្រប់គ្នាក៏ផឹកពីពែងនោះ
24. រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀងដែលបានបង្ហូរសម្រាប់មនុស្សជាច្រើន
25. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកជាថ្មីនៅក្នុងនគរព្រះជាម្ចាស់»
26. ក្រោយពីច្រៀងចម្រៀងសរសើរតម្កើងរួច ពួកគេក៏ចេញទៅភ្នំដើមអូលីវ។
27. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «នៅយប់នេះ គ្រប់គ្នានឹងជំពប់ដួល ព្រោះមានសេចក្ដីចែងទុកមកថា យើងនឹងវាយអ្នកគង្វាល ហើយចៀមនឹងខ្ចាត់ខ្ចាយទៅ
28. ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»
29. ពេលនោះ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ»
30. ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដនៅថ្ងៃនេះថា គឺនៅយប់នេះ មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»
31. ប៉ុន្ដែគាត់ប្រកែកយ៉ាងដាច់ខាតថា៖ «ទោះបើខ្ញុំត្រូវស្លាប់ជាមួយនឹងលោកក៏ដោយ ក៏ខ្ញុំនឹងមិនបដិសេធជាដាច់ខាតថាខ្ញុំមិនស្គាល់លោកនោះដែរ» រីឯពួកគេទាំងអស់ក៏និយាយដូចលោកពេត្រុសដែរ។
32. បន្ទាប់មក ពួកគេក៏មកដល់កន្លែងមួយដែលឈ្មោះថា សួនគែតសេម៉ានី ព្រះអង្គមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរអង្គុយនៅទីនេះចុះ ពេលខ្ញុំកំពុងអធិស្ឋាន»
33. ព្រះអង្គក៏យកលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅជាមួយ ហើយព្រះអង្គចាប់ផ្ដើមតានតឹង និងពិបាកចិត្ដយ៉ាងខ្លាំង
34. ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំព្រួយចិត្ដស្ទើរស្លាប់ទៅហើយ ចូរនៅទីនេះ ហើយប្រុងស្មារតី»