7. នៅពេលអ្នករាល់គ្នាឮពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម នោះកុំជ្រួលច្របល់អី ការទាំងអស់នេះត្រូវតែកើតឡើង ប៉ុន្ដែមិនទាន់ដល់ទីបញ្ចប់ទេ
8. ព្រោះជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ហើយប្រទេសមួយទាស់នឹងប្រទេសមួយ ព្រមទាំងមានការរញ្ជួយដីច្រើនកន្លែង និងមានគ្រោះអត់ឃ្លាន ទាំងអស់នេះជាការចាប់ផ្ដើមនៃទុក្ខវេទនាដ៏សម្បើមដូចស្ដ្រីហៀបនឹងសម្រាលកូន
9. ប៉ុន្ដែអ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន ពីព្រោះពួកគេនឹងប្រគល់អ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សាកំពូល រួចគេនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ អ្នករាល់គ្នានឹងឈរធ្វើជាបន្ទាល់នៅមុខចៅហ្វាយក្រុង និងស្ដេច ដោយព្រោះខ្ញុំ
10. រីឯដំណឹងល្អត្រូវផ្សាយដល់គ្រប់ជនជាតិទាំងអស់ជាមុនសិន
11. ប៉ុន្ដែពេលគេនាំអ្នករាល់គ្នាទៅ នោះចូរកុំព្រួយបារម្ភជាមុនអំពីអ្វីដែលអ្នករាល់គ្នាត្រូវនិយាយឡើយ ដ្បិតនៅពេលនោះ អ្នករាល់គ្នាត្រូវនិយាយសេចក្ដីណាដែលបានប្រទានឲ្យអ្នករាល់គ្នា ហើយមិនមែនអ្នករាល់គ្នាជាអ្នកនិយាយទេ គឺព្រះវិញ្ញាណបរិសុទ្ធវិញ
12. បងប្អូននឹងប្រគល់បងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងប្រគល់កូនទៅឲ្យគេសម្លាប់ ហើយកូននឹងបះបោរទាស់នឹងឪពុកម្ដាយ និងសម្លាប់ពួកគេ
13. ហើយមនុស្សនឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ ប៉ុន្ដែអ្នកណាដែលស៊ូទ្រាំដល់ទីបំផុត នឹងបានទទួលសេចក្ដីសង្គ្រោះ
14. នៅពេលអ្នករាល់គ្នាឃើញអំពើបំផ្លិចបំផ្លាញដ៏លាមក កើតឡើងនៅកន្លែងដែលមិនគួរមាន សូមឲ្យអ្នកអានយល់ចុះ គឺពេលនោះ ចូរឲ្យអ្នកស្រុកយូដាភៀសខ្លួនទៅភ្នំចុះ
15. ហើយកុំឲ្យអ្នកនៅលើដំបូលផ្ទះចុះមកក្រោម ឬចូលយកអីវ៉ាន់ពីក្នុងផ្ទះគាត់ឡើយ
16. និងកុំឲ្យអ្នកនៅស្រែចម្ការបកក្រោយ ទៅយកអាវរបស់គាត់ឲ្យសោះ
17. ប៉ុន្ដែពួកស្ដ្រីមានផ្ទៃពោះ និងពួកស្ដ្រីកំពុងបំបៅកូន នឹងវេទនានៅគ្រានោះ
18. ដូច្នេះ ចូរអធិស្ឋាន កុំឲ្យការនោះកើតឡើងនៅរដូវរងាឡើយ
19. ព្រោះនៅគ្រានោះនឹងមានទុក្ខវេទនាដ៏សម្បើម គឺមិនដែលមានទុក្ខវេទនាបែបនេះឡើយ ចាប់តាំងពីកំណើតពិភពលោក ដែលព្រះជាម្ចាស់បានបង្កើតរហូតដល់ពេលនេះ
20. ដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស
21. នៅពេលនោះ ប្រសិនបើមាននរណាម្នាក់ប្រាប់អ្នកថា៖ «មើលនែ! ព្រះគ្រិស្ដនៅទីនេះ ព្រះគ្រិស្ដនៅទីនោះ» ចូរកុំជឿឲ្យសោះ
22. ព្រោះពួកមនុស្សដែលក្លែងជាព្រះគ្រិស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយពួកគេនឹងសំដែងទីសំគាល់ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោតអ្នកដែលព្រះអម្ចាស់បានជ្រើសរើស ប្រសិនបើអាចធ្វើបាន
23. ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្ន ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាសព្វគ្រប់ជាមុនរួចហើយ