ម៉ាកុស 13:3-12 Khmer Christian Bible (KCB)

3. កាល​ព្រះអង្គ​អង្គុយ​នៅ​លើ​ភ្នំ​ដើម​អូលីវ​ទល់​មុខ​ព្រះ​វិហារ​ លោក​ពេត្រុស​ លោក​យ៉ាកុប​ លោក​យ៉ូហាន​ និង​លោក​អនទ្រេ​បាន​សួរ​ព្រះអង្គ​ដោយ​ឡែក​ថា៖​

4. «សូម​ប្រាប់​យើង​ខ្ញុំ​ផង​ តើ​ការ​ទាំង​នេះនឹង​កើត​ឡើង​នៅ​ពេល​ណា​ ហើយ​មាន​ទី​សំគាល់​អ្វី​ខ្លះ​នៅ​ពេល​ដែល​ការ​ទាំង​នេះ​បម្រុង​នឹង​បាន​សម្រេច?»​

5. ព្រះយេស៊ូ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​អ្នក​ណា​បោក​បញ្ឆោត​អ្នក​រាល់គ្នា​ឡើយ​

6. ដ្បិត​មនុស្ស​ជា​ច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ ហើយ​និយាយ​ថា​ ខ្ញុំ​នេះ​ហើយ​ ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជា​ច្រើន​

7. នៅ​ពេល​អ្នក​រាល់គ្នា​ឮ​ពី​សង្គ្រាម​ និង​ដំណឹង​អំពី​សង្គ្រាម​ នោះ​កុំ​ជ្រួល​ច្របល់​អី​ ការ​ទាំង​អស់​នេះ​ត្រូវ​តែ​កើត​ឡើង​ ប៉ុន្ដែ​មិន​ទាន់​ដល់​ទីបញ្ចប់​ទេ​

8. ព្រោះ​ជន​ជាតិ​មួយ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ជន​ជាតិ​មួយ​ ហើយ​ប្រទេស​មួយ​ទាស់​នឹង​ប្រទេស​មួយ​ ​ព្រម​ទាំង​មាន​ការ​រញ្ជួយ​ដី​ច្រើន​កន្លែង​ និង​មាន​គ្រោះ​អត់​ឃ្លាន​ ទាំង​អស់​នេះ​ជា​ការ​ចាប់​ផ្ដើម​នៃ​ទុក្ខ​វេទនា​ដ៏​សម្បើម​ដូច​ស្ដ្រី​ហៀប​នឹង​សម្រាល​កូន​

9. ប៉ុន្ដែ​អ្នក​រាល់គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន​ ពីព្រោះ​ពួកគេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​កំពូល​ រួច​គេ​នឹង​វាយ​អ្នក​រាល់គ្នា​នៅ​ក្នុង​សាលា​ប្រជុំ​ អ្នក​រាល់គ្នា​នឹង​ឈរ​ធ្វើជា​បន្ទាល់​នៅ​មុខ​ចៅ​ហ្វាយ​ក្រុង​ និង​ស្ដេច​ ដោយ​ព្រោះ​ខ្ញុំ​

10. រីឯ​ដំណឹង​ល្អ​ត្រូវ​ផ្សាយ​ដល់​គ្រប់​ជន​ជាតិ​ទាំង​អស់​ជា​មុន​សិន​

11. ប៉ុន្ដែ​ពេល​គេ​នាំ​អ្នក​រាល់គ្នា​ទៅ​ នោះ​ចូរ​កុំ​ព្រួយ​បារម្ភ​ជា​មុន​អំពី​អ្វី​ដែល​អ្នក​រាល់គ្នា​ត្រូ​វ​និយាយ​ឡើយ​ ដ្បិត​នៅ​ពេល​នោះ​ អ្នក​រាល់គ្នា​ត្រូវ​និយាយ​សេចក្ដី​ណា​ដែល​បាន​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​ ហើយ​មិន​មែន​អ្នក​រាល់គ្នា​ជា​អ្នក​និយាយ​ទេ​ គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ​

12. បង​ប្អូន​នឹង​ប្រគល់​បង​ប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់​ ឪពុក​នឹង​ប្រគល់​កូន​ទៅ​ឲ្យ​គេ​សម្លាប់​ ហើយ​កូន​នឹង​បះបោរ​ទាស់​នឹង​ឪពុក​ម្ដាយ​ និង​សម្លាប់​ពួកគេ​

ម៉ាកុស 13