ម៉ាកុស 13:25-37 Khmer Christian Bible (KCB)

25. ឯ​ផ្កាយ​ទាំង​ឡាយ​នឹង​ធ្លាក់​ចុះពី​លើ​មេឃ​ ហើយ​អំណាច​នៅ​ស្ថាន​សួគ៌​នឹង​រង្គោះ​រង្គើ​

26. បន្ទាប់​មក​ ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​មក​នៅលើ​ពពក​ ប្រកប​ដោយ​អំណាច​ និង​សិរី​រុង​រឿង​ដ៏​អស្ចារ្យ​

27. នៅ​ពេល​នោះ​ លោក​នឹង​ចាត់ពួក​ទេវតា​ឲ្យ​ប្រមូល​អ្នក​ដែល​លោក​ជ្រើស​រើស​ទាំង​បួន​ទិស​ គឺ​ពី​ចុង​បំផុត​នៃ​ផែន​ដី​រហូត​ដល់​ជើង​មេឃ​

28. ហើយ​ចូរ​រៀន​ពី​រឿង​ប្រៀប​ប្រដូច​អំពី​ដើម​ល្វា​ចុះ​ កាល​ណា​មែក​វា​ទន់​ ស្លឹក​វា​លាស់​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​រដូវ​ក្ដៅ​ជិត​មក​ដល់​ហើយ​

29. ដូច្នេះ​ ពេល​អ្នក​រាល់គ្នា​ឃើញ​ហេតុ​ការណ៍​ទាំង​នោះ​កើត​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​ ពេល​វេលា​កាន់​តែ​កៀក​បំផុត​ហើយ​

30. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​ លុះ​ត្រា​តែហេតុ​ការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន​

31. ផ្ទៃ​មេឃ​ និង​ផែន​ដី​នឹង​រលាយ​បាត់​ទៅ​ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​សោះ​ឡើយ​

32. ឯ​ពេល​វេលា​ និង​ថ្ងៃ​កំណត់​ ក្រៅ​ពី​ព្រះវរ​បិតា​ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ឡើយ​ សូម្បី​តែ​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​ ឬ​កូន​មនុស្ស។​

33. ដូច្នេះ​ អ្នក​រាល់គ្នា​ត្រូវ​ប្រយ័ត្ន​ ត្រូវ​ប្រុងស្មារតី​ ព្រោះ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ពេល​នោះ​ចំ​ពេល​ណា​ទេ​

34. គឺ​ដូចជា​បុរស​ម្នាក់​ចេញ​ពី​ផ្ទះធ្វើ​ដំណើរ​ទៅ​ ហើយ​ឲ្យ​សិទ្ធិ​អំណាច​ដល់​បាវ​បម្រើ​របស់​គាត់​ម្នាក់ៗ​ធ្វើ​ការ​របស់​គេ​រៀងៗ​ខ្លួន​ ទាំង​បង្គាប់​អ្នក​យាម​ទ្វារ​ឲ្យ​ប្រុង​ស្មារតី​

35. ដូច្នេះ​ អ្នក​រាល់គ្នា​ត្រូវ​ប្រុង​ស្មារតី​ ព្រោះ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ម្ចាស់​ផ្ទះ​នឹង​មក​នៅ​ពេល​ណា​ទេ​ ទោះជា​ពេល​ល្ងាច​ ពេល​យប់​អធ្រាត្រ​ ពេល​មាន់​រងាវ​ ឬ​ពេល​ព្រឹក​ព្រលឹម​ក្ដី​

36. ក្រែង​លោ​គាត់​មក​ដល់​ភ្លាម​ឃើញ​អ្នក​រាល់​គ្នា​កំពុង​ដេក​លក់​

37. ហើយ​អ្វីៗ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ ខ្ញុំ​ក៏​ប្រាប់​មនុស្ស​គ្រប់​គ្នា​ដែរ​ថា​ ត្រូវ​ប្រុង​ស្មារតី»។​

ម៉ាកុស 13