17. ប៉ុន្ដែពួកស្ដ្រីមានផ្ទៃពោះ និងពួកស្ដ្រីកំពុងបំបៅកូន នឹងវេទនានៅគ្រានោះ
18. ដូច្នេះ ចូរអធិស្ឋាន កុំឲ្យការនោះកើតឡើងនៅរដូវរងាឡើយ
19. ព្រោះនៅគ្រានោះនឹងមានទុក្ខវេទនាដ៏សម្បើម គឺមិនដែលមានទុក្ខវេទនាបែបនេះឡើយ ចាប់តាំងពីកំណើតពិភពលោក ដែលព្រះជាម្ចាស់បានបង្កើតរហូតដល់ពេលនេះ
20. ដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស
21. នៅពេលនោះ ប្រសិនបើមាននរណាម្នាក់ប្រាប់អ្នកថា៖ «មើលនែ! ព្រះគ្រិស្ដនៅទីនេះ ព្រះគ្រិស្ដនៅទីនោះ» ចូរកុំជឿឲ្យសោះ
22. ព្រោះពួកមនុស្សដែលក្លែងជាព្រះគ្រិស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយពួកគេនឹងសំដែងទីសំគាល់ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោតអ្នកដែលព្រះអម្ចាស់បានជ្រើសរើស ប្រសិនបើអាចធ្វើបាន
23. ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្ន ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាសព្វគ្រប់ជាមុនរួចហើយ
24. ប៉ុន្ដែក្រោយគ្រាទុក្ខវេទនាទាំងនោះ ដួងអាទិត្យនឹងអាប់រស្មី ហើយលោកខែនឹងមិនបញ្ចេញពន្លឺទៀតទេ
25. ឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ
26. បន្ទាប់មក ពួកគេនឹងឃើញកូនមនុស្សមកនៅលើពពក ប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ
27. នៅពេលនោះ លោកនឹងចាត់ពួកទេវតាឲ្យប្រមូលអ្នកដែលលោកជ្រើសរើសទាំងបួនទិស គឺពីចុងបំផុតនៃផែនដីរហូតដល់ជើងមេឃ
28. ហើយចូររៀនពីរឿងប្រៀបប្រដូចអំពីដើមល្វាចុះ កាលណាមែកវាទន់ ស្លឹកវាលាស់ឡើង នោះអ្នករាល់គ្នាដឹងថារដូវក្ដៅជិតមកដល់ហើយ
29. ដូច្នេះ ពេលអ្នករាល់គ្នាឃើញហេតុការណ៍ទាំងនោះកើតឡើង នោះអ្នករាល់គ្នាដឹងថា ពេលវេលាកាន់តែកៀកបំផុតហើយ
30. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែហេតុការណ៍ទាំងអស់នេះកើតឡើងសិន