ម៉ាកុស 13:14-25 Khmer Christian Bible (KCB)

14. នៅ​ពេល​អ្នក​រាល់គ្នា​ឃើញ​អំពើ​បំផ្លិច​បំផ្លាញ​ដ៏​លាមក​ កើត​ឡើង​នៅ​កន្លែង​ដែល​មិន​គួរ​មាន​ សូម​ឲ្យ​អ្នក​អាន​យល់​ចុះ​ គឺ​ពេល​នោះ​ ចូរ​ឲ្យ​អ្នក​ស្រុក​យូដា​ភៀស​ខ្លួន​ទៅ​ភ្នំ​ចុះ​

15. ហើយ​កុំ​ឲ្យ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក​ក្រោម​ ឬ​ចូល​យក​អីវ៉ាន់​ពី​ក្នុង​ផ្ទះ​គាត់​ឡើយ​

16. និង​កុំឲ្យ​អ្នក​នៅ​ស្រែ​ចម្ការ​បក​ក្រោយ​ ទៅ​យក​អាវ​របស់​គាត់​ឲ្យ​សោះ​

17. ប៉ុន្ដែ​ពួក​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ និង​ពួក​ស្ដ្រី​កំពុង​បំបៅ​កូន​ នឹង​វេទនា​នៅ​គ្រា​នោះ​

18. ដូច្នេះ​ ចូរ​អធិស្ឋាន​ កុំ​ឲ្យ​ការ​នោះ​កើត​ឡើង​នៅ​រដូវ​រងា​ឡើយ​

19. ព្រោះ​នៅ​គ្រា​នោះ​នឹង​មាន​ទុក្ខ​វេទនា​ដ៏​សម្បើម​ គឺ​មិន​ដែល​មាន​ទុក្ខ​វេទនា​បែប​នេះ​ឡើយ​ ចាប់​តាំង​ពី​កំណើត​ពិភព​លោក​ ដែល​ព្រះជាម្ចាស់​បាន​បង្កើត​រហូត​ដល់​ពេល​នេះ​

20. ដរាប​ណា​ព្រះអម្ចាស់​មិន​បង្រួញ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ​ នោះ​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ​ ប៉ុន្ដែ​ព្រះអង្គ​បង្រួញ​ថ្ងៃ​ទាំង​នោះ​សម្រាប់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​

21. នៅ​ពេល​នោះ​ ប្រសិន​បើ​មាន​នរ​ណា​ម្នាក់​ប្រាប់​អ្នក​ថា៖​ «មើល​នែ!​ ​ព្រះគ្រិស្ដ​នៅ​ទីនេះ​ ព្រះគ្រិស្ដ​នៅ​ទី​នោះ»​ ចូរ​កុំ​ជឿ​ឲ្យ​សោះ​

22. ព្រោះ​ពួក​មនុស្ស​ដែល​ក្លែង​ជា​ព្រះគ្រិស្ដ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​ពួកគេ​នឹង​សំដែង​ទី​សំគាល់​ និង​ការ​អស្ចារ្យ​ ដើម្បី​បោក​បញ្ឆោត​អ្នក​ដែល​ព្រះអម្ចាស់​បាន​ជ្រើស​រើស​ ប្រសិន​បើ​អាច​ធ្វើ​បាន​

23. ដូច្នេះ​ អ្នក​រាល់គ្នា​ត្រូវ​ប្រយ័ត្ន​ ព្រោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​សព្វ​គ្រប់​ជា​មុន​រួច​ហើយ​

24. ប៉ុន្ដែ​ក្រោយ​គ្រា​ទុក្ខ​វេទនា​ទាំង​នោះ​ ដួង​អាទិត្យ​នឹង​អាប់​រស្មី​ ហើយ​លោក​ខែ​នឹង​មិន​បញ្ចេញ​ពន្លឺ​ទៀត​ទេ​

25. ឯ​ផ្កាយ​ទាំង​ឡាយ​នឹង​ធ្លាក់​ចុះពី​លើ​មេឃ​ ហើយ​អំណាច​នៅ​ស្ថាន​សួគ៌​នឹង​រង្គោះ​រង្គើ​

ម៉ាកុស 13