26. [ប៉ុន្ដែប្រសិនបើអ្នករាល់គ្នាមិនលើកលែងទោសឲ្យគាត់ទេ នោះព្រះវរបិតាក៏មិនលើកលែងចំពោះកំហុសរបស់អ្នករាល់គ្នាដែរ»]។
27. រួចពួកគេក៏មកក្រុងយេរូសាឡិមម្ដងទៀត ហើយពេលដែលព្រះអង្គកំពុងដើរក្នុងព្រះវិហារ ពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំបានដើរសំដៅមកឯព្រះអង្គ
28. ហើយពួកគេសួរព្រះអង្គថា៖ «តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចអ្នកធ្វើការទាំងនេះ?»
29. ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «ខ្ញុំនឹងសួរពួកលោកមួយសំណួរដែរ សូមពួកលោកឆ្លើយនឹងខ្ញុំ នោះខ្ញុំនឹងប្រាប់ពួកលោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី។
30. តើពិធីជ្រមុជរបស់លោកយ៉ូហានមកពីស្ថានសួគ៌ ឬក៏មកពីមនុស្ស? សូមឆ្លើយប្រាប់ខ្ញុំផង»
31. ពួកគេក៏ពិគ្រោះគ្នាថា៖ «ប្រសិនបើយើងឆ្លើយថា មកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន?
32. តើយើងគួរនិយាយថា មកពីមនុស្សឬ?» (ពួកគេខ្លាចពួកបណ្ដាជន ព្រោះមនុស្សគ្រប់គ្នារាប់លោកយ៉ូហានថាជាអ្នកនាំព្រះបន្ទូលពិតប្រាកដ)
33. ដូច្នេះ ពួកគេក៏ឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំក៏មិនប្រាប់ពួកលោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសារសិទ្ធិអំណាចអ្វី»។