35. លោកយ៉ូហាន និងលោកយ៉ាកុប ជាកូនលោកសេបេដេបានមករកព្រះអង្គ និងទូលព្រះអង្គថា៖ «លោកគ្រូ យើងចង់ឲ្យលោកធ្វើតាមសំណូមរបស់យើង»
36. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?»
37. ពួកគេឆ្លើយថា៖ «សូមឲ្យយើងបានអង្គុយ ម្នាក់នៅខាងស្ដាំលោក និងម្នាក់ទៀតនៅខាងឆ្វេងលោក នៅក្នុងសិរីរុងរឿងរបស់លោកផង»
38. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នកមិនដឹងថាអ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំផឹក និងទទួលពិធីជ្រមុជដែលខ្ញុំទទួលបានដែរឬទេ?»
39. ពួកគេទូលព្រះអង្គថា៖ «យើងអាចទទួលបាន» ព្រះអង្គក៏មានបន្ទូលទៅគេទៀតថា៖ «អ្នកនឹងផឹកពីពែងដែលខ្ញុំផឹក ហើយទទួលពិធីជ្រមុជដែលខ្ញុំទទួលបានមែន
40. ប៉ុន្ដែដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអ្នកដែលព្រះជាម្ចាស់បានរៀបចំទុកឲ្យប៉ុណ្ណោះ»
41. ពេលសាវកដប់នាក់ទៀតឮដូច្នេះ ក៏ចាប់ផ្ដើមទាស់ចិត្ដនឹងលោកយ៉ូហាន និងលោកយ៉ាកុប
42. ព្រះយេស៊ូហៅពួកគេមក រួចមានបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា អ្នកដែលគេចាត់ទុកជាអ្នកគ្រប់គ្រងលើសាសន៍ដទៃ គឺត្រួតត្រាលើគេ ហើយពួកអ្នកធំរបស់គេក៏ប្រើសិទ្ធិអំណាចលើគេដែរ
43. ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នាវិញ មិនមែនដូច្នោះឡើយ អ្នកណាដែលចង់ធ្វើធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ
44. ហើយអ្នកណាចង់ធ្វើជាទីមួយក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាបាវបម្រើមនុស្សគ្រប់គ្នា
45. ដ្បិតសូម្បីតែកូនមនុស្ស ក៏មិនបានមកឲ្យគេបម្រើដែរ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង»។
46. ពួកគេមកដល់ក្រុងយេរីខូរ ហើយពេលព្រះអង្គ និងពួកសិស្សរួមជាមួយមនុស្សច្រើនកុះករកំពុងធ្វើដំណើរចេញពីក្រុងយេរីខូរ នោះមានអ្នកសុំទានម្នាក់ ខ្វាក់ភ្នែក ឈ្មោះបារទីមេ ជាកូនប្រុសលោកទីមេកំពុងតែអង្គុយនៅចិញ្ចើមផ្លូវ
47. ហើយពេលឮថា នោះជាព្រះយេស៊ូអ្នកក្រុងណាសារ៉ែត គាត់ចាប់ផ្ដើមស្រែកឡើងថា៖ «ព្រះយេស៊ូជាពូជពង្សដាវីឌអើយ! សូមមេត្ដាខ្ញុំផង!»
48. មនុស្សជាច្រើនបានបន្ទោសឲ្យគាត់នៅស្ងៀម ប៉ុន្ដែគាត់ស្រែកកាន់តែខ្លាំងឡើងៗថា៖ «ព្រះយេស៊ូ ជាពូជពង្សដាវីឌអើយ! សូមមេត្ដាខ្ញុំផង!»
49. ព្រះយេស៊ូក៏ឈប់ និងមានបន្ទូលថា៖ «ចូរហៅគាត់មក» គេក៏ហៅបុរសខ្វាក់នោះ ទាំងនិយាយទៅគាត់ថា៖ «ចូរអរសប្បាយ ហើយក្រោកឈរឡើង លោកហៅអ្នកហើយ»
50. គាត់ក៏បោះអាវគាត់ចោល លោតឡើង ហើយក៏មកឯព្រះយេស៊ូ
51. ព្រះយេស៊ូក៏មានបន្ទូលតបទៅគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» បុរសខ្វាក់នោះទូលទៅព្រះអង្គថា៖ «លោកគ្រូអើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង»