35. លោកយ៉ូហាន និងលោកយ៉ាកុប ជាកូនលោកសេបេដេបានមករកព្រះអង្គ និងទូលព្រះអង្គថា៖ «លោកគ្រូ យើងចង់ឲ្យលោកធ្វើតាមសំណូមរបស់យើង»
36. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?»
37. ពួកគេឆ្លើយថា៖ «សូមឲ្យយើងបានអង្គុយ ម្នាក់នៅខាងស្ដាំលោក និងម្នាក់ទៀតនៅខាងឆ្វេងលោក នៅក្នុងសិរីរុងរឿងរបស់លោកផង»
38. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នកមិនដឹងថាអ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំផឹក និងទទួលពិធីជ្រមុជដែលខ្ញុំទទួលបានដែរឬទេ?»
39. ពួកគេទូលព្រះអង្គថា៖ «យើងអាចទទួលបាន» ព្រះអង្គក៏មានបន្ទូលទៅគេទៀតថា៖ «អ្នកនឹងផឹកពីពែងដែលខ្ញុំផឹក ហើយទទួលពិធីជ្រមុជដែលខ្ញុំទទួលបានមែន
40. ប៉ុន្ដែដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអ្នកដែលព្រះជាម្ចាស់បានរៀបចំទុកឲ្យប៉ុណ្ណោះ»
41. ពេលសាវកដប់នាក់ទៀតឮដូច្នេះ ក៏ចាប់ផ្ដើមទាស់ចិត្ដនឹងលោកយ៉ូហាន និងលោកយ៉ាកុប
42. ព្រះយេស៊ូហៅពួកគេមក រួចមានបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា អ្នកដែលគេចាត់ទុកជាអ្នកគ្រប់គ្រងលើសាសន៍ដទៃ គឺត្រួតត្រាលើគេ ហើយពួកអ្នកធំរបស់គេក៏ប្រើសិទ្ធិអំណាចលើគេដែរ
43. ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នាវិញ មិនមែនដូច្នោះឡើយ អ្នកណាដែលចង់ធ្វើធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ
44. ហើយអ្នកណាចង់ធ្វើជាទីមួយក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាបាវបម្រើមនុស្សគ្រប់គ្នា