3. ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាយ៉ាងដូចម្ដេចខ្លះ?»
4. ពួកគេនិយាយថា៖ «លោកម៉ូសេអនុញ្ញាតឲ្យបុរសសរសេរសំបុត្រលែងលះ រួចលែងប្រពន្ធ»
5. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «នោះព្រោះតែអ្នករាល់គ្នាមានចិត្ដរឹងរូស បានជាលោកម៉ូសេសរសេរបញ្ញត្ដិនេះសម្រាប់អ្នករាល់គ្នា
6. តែព្រះជាម្ចាស់បានបង្កើតពួកគេជាប្រុស ជាស្រី តាំងពីដើមកំណើតពិភពលោកមកម៉្លេះ
7. ដោយហេតុនេះ បានជាមនុស្សប្រុសនឹងចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន
8. អ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ ដូច្នេះ ពួកគេមិនមែនពីរនាក់ទៀតទេ តែជាសាច់តែមួយវិញ
9. ដូច្នេះ កុំឲ្យមនុស្សបំបែកអ្វីដែលព្រះជាម្ចាស់បានផ្សំផ្គុំឡើយ»។
10. ពេលទៅដល់ផ្ទះ ពួកសិស្សទូលសួរព្រះអង្គម្ដងទៀតអំពីសេចក្ដីនេះ
11. ព្រះអង្គមានបន្ទូលទៅគេថា៖ «អ្នកណាលែងប្រពន្ធខ្លួន រួចរៀបការនឹងស្ដ្រីម្នាក់ទៀត នោះផិតក្បត់នឹងប្រពន្ធហើយ
12. រីឯប្រពន្ធលែងប្ដីខ្លួន រួចរៀបការនឹងបុរសម្នាក់ទៀត នោះនាងផិតក្បត់ហើយ»។
13. មានមនុស្សនាំក្មេងៗមកឯព្រះអង្គ ដើម្បីឲ្យព្រះអង្គពាល់ក្មេងៗទាំងនោះ តែពួកសិស្សបានស្ដីបន្ទោសពួកគេ
14. កាលទតឃើញដូច្នេះ ព្រះយេស៊ូទាស់ចិត្ដយ៉ាងខ្លាំង ក៏មានបន្ទូលទៅពួកគេថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរព្រះជាម្ចាស់ជារបស់មនុស្សដូចជាក្មេងៗទាំងនេះ
15. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណាមិនទទួលយកនគរព្រះជាម្ចាស់ដូចជាកូនក្មេង នោះមិនអាចចូលក្នុងនគរព្រះជាម្ចាស់បានឡើយ»
16. ព្រះអង្គបានលើកក្មេងៗ ទាំងឲ្យពរដោយដាក់ដៃលើពួកគេ។