ម៉ាកុស 1:6-14 Khmer Christian Bible (KCB)

6. លោក​យ៉ូហាន​ស្លៀក​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ​ ពាក់​ខ្សែ​ក្រវាត់​ដែល​ធ្វើ​ពី​ស្បែក​នៅ​នឹង​ចង្កេះ​ ហើយ​គាត់​បរិភោគ​កណ្ដូប​ និង​ទឹក​ឃ្មុំ​ព្រៃ។​

7. លោក​ប្រកាស​ថា៖​ «ព្រះអង្គ​យាង​មក​ក្រោយ​ខ្ញុំ​ មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្ដសម​នឹង​ឱន​ស្រាយ​ខ្សែ​ស្បែក​ជើង​របស់​ព្រះអង្គ​ផង​

8. ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​ព្រះអង្គ​វិញ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​

9. នៅ​គ្រា​នោះ​ ព្រះយេស៊ូ​បាន​យាង​មក​ពី​ក្រុង​ណាសារ៉ែត​ ស្រុក​កាលីឡេ​ និង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន​នៅ​ក្នុង​អូរ​យ័រដាន់​

10. ពេល​ងើប​ចេញ​ពី​ទឹក​ភ្លាម​ ព្រះអង្គ​ទត​ឃើញ​ស្ថានសួគ៌​បើក​ចំហ​ ហើយ​ព្រះវិញ្ញាណ​បាន​យាង​មក​សណ្ឋិត​លើ​ព្រះអង្គ​ ដូចជា​សត្វ​ព្រាប​

11. ហើយ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញ​ចិត្ដ​នឹង​អ្នក​ណាស់»។​

12. ភ្លាម​នោះ​ ព្រះវិញ្ញាណ​ក៏​ជំរុញ​ព្រះអង្គ​ឲ្យ​ទៅ​ទីរហោឋាន។​

13. ព្រះអង្គ​នៅ​ទីរហោឋាន​សែសិប​ថ្ងៃ​ ត្រូវ​អារក្ស​សាតាំង​ល្បួង​ ហើយ​ព្រះអង្គ​នៅ​ជាមួយ​សត្វ​ព្រៃ​ និង​មាន​ទេវតា​ចាំ​បម្រើ​ព្រះអង្គ​ផង។​

14. បន្ទាប់​ពី​គេ​ចាប់​លោក​យ៉ូហាន​ឃុំឃាំង​ ព្រះយេស៊ូ​ក៏​យាង​ចូល​ស្រុក​កាលីឡេ​ ប្រកាស​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​

ម៉ាកុស 1