16. ពេលព្រះយេស៊ូយាងតាមមាត់បឹងកាលីឡេ ព្រះអង្គបានទតឃើញលោកស៊ីម៉ូន និងលោកអនទ្រេជាប្អូន ពួកគេជាអ្នកនេសាទ កំពុងបង់សំណាញ់ក្នុងបឹង
17. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងឲ្យអ្នកធ្វើជាអ្នកនេសាទមនុស្សវិញ»។
18. ភ្លាមនោះ ពួកគេក៏ទុកសំណាញ់ចោល រួចដើរតាមព្រះអង្គតែម្ដង។
19. កាលយាងហួសទីនោះបន្ដិច ព្រះអង្គបានទតឃើញលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន កំពុងជួសជុលសំណាញ់នៅក្នុងទូក អ្នកទាំងពីរជាកូនរបស់លោកសេបេដេ។
20. ភ្លាមនោះ ព្រះអង្គត្រាស់ហៅអ្នកទាំងពីរ ពួកគេក៏ទុកឪពុកឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល រួចដើរតាមព្រះអង្គទៅ។
21. ពួកគេចូលក្នុងក្រុងកាពើណិម ហើយនៅថ្ងៃសប្ប័ទ ព្រះយេស៊ូក៏យាងចូលក្នុងសាលាប្រជុំភ្លាម ហើយបានបង្រៀន។
22. អ្នកដែលស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ដ្បិតពេលព្រះអង្គបង្រៀនពួកគេ ព្រះអង្គមានសិទ្ធិអំណាច មិនដូចជាពួកគ្រូវិន័យឡើយ
23. ហើយភ្លាមនោះ នៅក្នុងសាលាប្រជុំ មានបុរសម្នាក់មានវិញ្ញាណអាក្រក់ចូល
24. ស្រែកឡើងថា៖ «ព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតអើយ! តើយើងនិងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់»
25. ព្រះយេស៊ូក៏បន្ទោសវាថា៖ «ស្ងៀម ចេញពីបុរសនេះទៅ!»
26. វិញ្ញាណអាក្រក់បានធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន និងស្រែកយ៉ាងខ្លាំង រួចក៏ចេញពីគាត់ទៅ
27. មនុស្សទាំងអស់ភ្ញាក់ផ្អើល និងសួរគ្នាទៅវិញទៅមកថា៖ «ស្អីហ្នឹង? សេចក្ដីបង្រៀនថ្មីនេះមានសិទ្ធិអំណាចម៉្លេះ លោកបញ្ជាពួកវិញ្ញាណអាក្រក់ វាក៏ស្ដាប់បង្គាប់លោក»
28. ភ្លាមនោះ កេរ្តិ៍ឈ្មោះរបស់ព្រះអង្គក៏ល្បីខ្ចរខ្ចាយគ្រប់ទីកន្លែងពាសពេញស្រុកកាលីឡេ។
29. កាលព្រះអង្គ និងពួកសិស្សចេញពីសាលាប្រជុំភ្លាម ក៏នាំគ្នាចូលទៅក្នុងផ្ទះរបស់លោកស៊ីម៉ូន និងលោកអនទ្រេជាមួយលោកយ៉ាកុប និងលោកយ៉ូហានផងដែរ។
30. កាលម្ដាយក្មេកលោកស៊ីម៉ូនកំពុងតែដេកគ្រុន គេក៏ទូលព្រះអង្គភ្លាមថា គាត់ឈឺ
31. ព្រះអង្គចូលទៅជិត រួចក៏ចាប់ដៃលើកគាត់ឡើង គាត់ក៏បានជាពីគ្រុន ហើយបម្រើពួកគេ។
32. នៅល្ងាចនោះ បន្ទាប់ពីថ្ងៃលិច គេនាំអស់អ្នកជម្ងឺ និងអ្នកដែលមានអារក្សចូលទាំងឡាយមករកព្រះអង្គ
33. អ្នកក្រុងនោះទាំងមូលបានមកជួបជុំគ្នានៅមាត់ទ្វារ
34. ព្រះអង្គបានប្រោសមនុស្សជាច្រើន ដែលមានជំងឺរោគាផ្សេងៗឲ្យជាសះស្បើយ និងបានបណ្ដេញអារក្សជាច្រើនចេញពីមនុស្ស ហើយព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីឡើយ ព្រោះពួកវាស្គាល់ព្រះអង្គ។