7. រីឯពួកអ្នកធ្វើដំណើរជាមួយគាត់បានឈរភាំង ព្រោះពួកគេឮសំឡេងនោះ ប៉ុន្ដែមិនឃើញមានអ្នកណាសោះ
8. គេក៏លើកលោកសុលក្រោកឡើងពីដី ហើយពេលគាត់បើកភ្នែក គាត់មើលមិនឃើញអ្វីសោះ ដូច្នេះពួកគេក៏ដឹកដៃគាត់នាំចូលទៅក្នុងក្រុងដាម៉ាស់។
9. ក្នុងរយៈពេលបីថ្ងៃ គាត់មើលមិនឃើញ ហើយក៏មិនបានបរិភោគ ឬផឹកអ្វីសោះ
10. នៅក្នុងក្រុងដាម៉ាស់ មានសិស្សម្នាក់ឈ្មោះអាណានាស ព្រះអម្ចាស់មានបន្ទូលមកគាត់នៅក្នុងសុបិននិមិត្ដថា៖ «អាណានាស!» គាត់ក៏ឆ្លើយថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំនៅទីនេះ»
11. ព្រះអម្ចាស់មានបន្ទូលទៅគាត់ទៀតថា៖ «ចូរក្រោកឡើង ហើយទៅឯផ្លូវមួយដែលហៅថាផ្លូវត្រង់ ហើយរកមនុស្សម្នាក់ឈ្មោះសុល ជាអ្នកក្រុងតើសុស ស្នាក់នៅក្នុងផ្ទះរបស់យូដាស ដ្បិតមើល៍ គាត់កំពុងអធិស្ឋាន
12. ហើយគាត់ក៏ឃើញបុរសម្នាក់ដែរ ឈ្មោះអាណានាសនៅក្នុងសុបិននិមិត្ដបានចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់មើលឃើញវិញ»
13. ពេលនោះលោកអាណានាសឆ្លើយថា៖ «ឱព្រះអម្ចាស់អើយ! ខ្ញុំបានឮមនុស្សជាច្រើននិយាយអំពីម្នាក់នេះថា គាត់បានធ្វើអំពើអាក្រក់ច្រើនណាស់ដល់ពួកបរិសុទ្ធរបស់ព្រះអង្គនៅក្នុងក្រុងយេរូសាឡិម
14. ហើយម្នាក់នេះមកទីនេះ ដោយបានទទួលសិទ្ធិអំណាចពីពួកសម្ដេចសង្ឃ ដើម្បីចាប់ចងពួកអ្នកដែលកំពុងអំពាវនាវដល់ព្រះនាមរបស់ព្រះអង្គទាំងអស់»
15. ប៉ុន្ដែ ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាភាជនៈ ដែលខ្ញុំបានជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅចំពោះមុខសាសន៍ដទៃ ទាំងពួកស្ដេច និងកូនចៅអ៊ីស្រាអែល
16. ដ្បិតខ្ញុំនឹងបង្ហាញគាត់ឲ្យដឹងថា ដោយព្រោះឈ្មោះខ្ញុំ គាត់ត្រូវរងទុក្ខលំបាកប៉ុណ្ណា»។
17. ដូច្នេះ លោកអាណានាសក៏ចាកចេញទៅ ហើយបានចូលទៅក្នុងផ្ទះនោះ បន្ទាប់ពីដាក់ដៃលើលោកសុល គាត់ក៏និយាយថា៖ «ឱបងសុលអើយ! ព្រះអម្ចាស់យេស៊ូដែលបានបង្ហាញខ្លួនឲ្យបងឃើញនៅតាមផ្លូវដែលបងបានមកទីនេះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកដើម្បីឲ្យបងមើលឃើញវិញ និងឲ្យបងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»
18. រំពេចនោះមានអ្វីមួយដូចជាស្រកាបានជ្រុះពីភ្នែករបស់លោកសុលមក ហើយគាត់ក៏មើលឃើញវិញ រួចគាត់ក៏ក្រោកឡើងទទួលពិធីជ្រមុជទឹក
19. ក្រោយពីបានបរិភោគអាហាររួច គាត់ក៏មានកម្លាំងឡើងវិញ។ បន្ទាប់មក គាត់ក៏នៅជាមួយពួកសិស្សក្នុងក្រុងដាម៉ាស់ជាច្រើនថ្ងៃ
20. ហើយភ្លាមនោះ គាត់ចាប់ផ្ដើមប្រកាសនៅតាមសាលាប្រជុំនានាអំពីព្រះយេស៊ូថា ព្រះអង្គនេះហើយជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់
21. រីឯពួកអ្នកទាំងឡាយដែលកំពុងស្ដាប់គាត់បានងឿងឆ្ងល់ ហើយសួរគ្នាថា៖ «តើមិនមែនម្នាក់នេះទេឬ ដែលបានបំផ្លាញពួកអ្នកដែលអំពាវនាវដល់ឈ្មោះនេះនៅក្នុងក្រុងយេរូសាឡិម ហើយដោយសារតែមូលហេតុនេះ បានជាគាត់មកទីនេះ ដើម្បីចាប់ចងពួកអ្នកទាំងនោះនាំទៅឲ្យពួកសម្ដេចសង្ឃ?»
22. ទោះជាយ៉ាងណាក្ដី លោកសុលកាន់តែមានកម្លាំងខ្លាំងឡើង ហើយបានផ្ចាញ់ផ្ចាលពួកជនជាតិយូដា ដែលរស់នៅក្នុងក្រុងដាម៉ាស់ ដោយអះអាងថា ព្រះយេស៊ូនេះហើយជាព្រះគ្រិស្ដ។
23. ដូច្នេះ ច្រើនថ្ងៃក្រោយមក ពួកជនជាតិយូដាបានពិភាក្សាគ្នាដើម្បីសម្លាប់គាត់។
24. នៅពេលនោះគម្រោងការរបស់ពួកគេបានដឹងដល់លោកសុល ហើយពួកគេបានឃ្លាំមើលទាំងយប់ទាំងថ្ងៃនៅតាមទ្វារទាំងឡាយដើម្បីសម្លាប់គាត់។
25. ដូច្នេះពួកសិស្សរបស់គាត់បានដាក់គាត់ក្នុងកញ្ជើមួយ ហើយសម្រូតគាត់ចុះតាមកំផែងក្រុងទាំងយប់។
26. ពេលគាត់មកដល់ក្រុងយេរូសាឡិមវិញ គាត់ព្យាយាមចូលរួមជាមួយពួកសិស្ស ប៉ុន្ដែពួកគេទាំងអស់គ្នាខ្លាចគាត់ ដោយមិនជឿថា គាត់ជាសិស្សទេ។
27. នៅពេលនោះ លោកបារណាបាសបានទទួលគាត់ ព្រមទាំងនាំគាត់ទៅជួបពួកសាវក និងរៀបរាប់ប្រាប់ពួកគេអំពីហេតុការណ៍ដែលលោកសុលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ ការដែលព្រះអង្គមានបន្ទូលមកកាន់គាត់ និងការដែលគាត់ប្រកាសដោយក្លាហានក្នុងព្រះនាមរបស់ព្រះយេស៊ូនៅក្នុងក្រុងដាម៉ាស់។