កិច្ចការ 9:29-42 Khmer Christian Bible (KCB)

29. គាត់​បាន​ប្រកាស​ និង​ជជែក​វែកញែក​ជាមួយ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​ ប៉ុន្ដែ​ពួកគេ​បាន​ប៉ុនប៉ង​សម្លាប់​គាត់​

30. ហើយ​ពេល​ពួក​បងប្អូន​បាន​ដឹង​ពី​ការ​នេះ​ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​ក្រុង​សេសារា​ បន្ទាប់មក​ឲ្យ​គាត់​ទៅ​ក្រុង​តើសុស។​

31. ដូច្នេះ​ ក្រុមជំនុំ​ទាំង​អស់​ដែល​នៅ​ពាសពេញ​ស្រុក​យូដា​ ស្រុក​កាលីឡេ​ និង​ស្រុក​សាម៉ារី​ ក៏​មាន​សេចក្ដី​សុខសាន្ដ​ ហើយ​មាំមួន​ឡើង​ ក៏​រស់នៅ​ដោយ​កោតខ្លាច​ព្រះអម្ចាស់​ និង​មាន​ការ​កម្សាន្ដ​ចិត្ដ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ​ព្រមទាំង​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង។​

32. រីឯ​លោក​ពេត្រុស​វិញ​ នៅ​ពេល​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំង​អស់​នោះ​ គាត់​ក៏​ចុះ​ទៅ​ជួប​ពួក​បរិសុទ្ធ​ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​ដែរ។​

33. នៅ​ទី​នោះ​ គាត់​បាន​ជួប​បុរស​ម្នាក់​ឈ្មោះ​ អេនាស​ ដែល​ស្លាប់​ដៃ​ជើង​ ដេក​តែ​នៅ​លើ​គ្រែ​ប្រាំបី​ឆ្នាំ​មក​ហើយ។​

34. លោក​ពេត្រុស​ក៏​និយាយ​ទៅ​គាត់​ថា៖​ «ឱ​អេនាស​អើយ!​ ព្រះយេស៊ូ​គ្រិស្ដ​បាន​ប្រោស​អ្នក​ហើយ​ ចូរ​ក្រោក​ឡើង​ ហើយ​រៀបចំ​គ្រែ​របស់​អ្នក​ចុះ»​ ពេល​នោះ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម។​

35. មនុស្ស​ទាំង​អស់​ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​ និង​ស្រុក​សារ៉ូន​បាន​ឃើញ​គាត់​ដូច្នេះ​ ក៏​ប្រែចិត្ត​មក​ឯ​ព្រះអម្ចាស់។​

36. នៅ​ក្នុង​ក្រុង​យ៉ុបប៉េ​ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ​តេប៊ីថា​ ដែល​ហៅ​ថា​ឌ័រកាស​មាន​ន័យ​ថា​ក្ដាន់។​ ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​អំពើ​ល្អ​ និង​បាន​ដាក់​ទាន​ជាច្រើន​

37. ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃ​នោះ​ នាង​បាន​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​ស្លាប់​ទៅ។​ ពេល​ពួកគេ​ចំអាស​សព​របស់​នាង​រួច​ហើយ​ ពួកគេ​ក៏​តម្កល់​ទុក​នៅ​បន្ទប់​ខាង​លើ។​

38. ពេល​ពួក​សិស្ស​បាន​ឮ​ថា​ លោក​ពេត្រុស​នៅ​ក្នុង​ក្រុង​លីដា​ ហើយ​ដោយសារ​ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុបប៉េ​ ដូច្នេះ​ពួកគេ​ក៏​ចាត់​មនុស្ស​ពីរ​នាក់​ឲ្យ​ទៅ​អង្វរ​គាត់​ថា៖​ «សូម​មក​កន្លែង​របស់​យើង​ កុំ​បង្អង់​ឡើយ»​

39. ដូច្នេះ​ លោក​ពេត្រុស​ក៏​ក្រោក​ឡើង​ ហើយ​ទៅ​ជាមួយ​ពួកគេ។​ ពេល​គាត់​ទៅ​ដល់​ ពួកគេ​ក៏​នាំ​គាត់​ទៅ​បន្ទប់​ខាង​លើ​ ហើយ​ពួក​ស្ត្រី​មេម៉ាយ​ទាំងឡាយ​ក៏​មក​ឈរ​យំ​ក្បែរ​គាត់​ ទាំង​បង្ហាញ​អាវ​ និង​សម្លៀក​បំពាក់​ទាំងឡាយ​ ដែល​នាង​ឌ័រកាស​បាន​ដេរ​ កាល​នាង​នៅ​ជាមួយ​ពួកគេ​នៅ​ឡើយ។​

40. ពេលនោះ​ លោក​ពេត្រុស​បាន​ឲ្យ​ពួកគេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា​ ហើយ​គាត់​ក៏​លុត​ជង្គង់​អធិស្ឋាន​ រួច​គាត់​ក៏​បែរ​ទៅ​ឯ​សព​ ហើយ​និយាយ​ថា៖​ «តេប៊ីថា​អើយ!​ ចូរ​ក្រោក​ឡើង​ចុះ!»​ ពេល​នោះ​ នាង​ក៏​បើក​ភ្នែក​ឡើង។​ ពេល​ឃើញ​លោក​ពេត្រុស​ នាង​ក៏​ក្រោក​អង្គុយ។​

41. គាត់​ក៏​ហុច​ដៃ​ទៅ​នាង​ ព្រមទាំង​បាន​លើក​នាង​ឡើង​ ហើយ​ហៅ​ពួក​បរិសុទ្ធ​ និង​ពួក​ស្ត្រី​មេម៉ាយ​ឲ្យ​មក​ រួច​គាត់​ក៏​បង្ហាញ​ថា​នាង​មាន​ជីវិត​ឡើង​វិញ​ហើយ។​

42. ដំណឹង​នេះ​បាន​ឮ​សុសសាយ​ពាសពេញ​ក្រុង​យ៉ុបប៉េ​ ហើយ​មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះអម្ចាស់។​

កិច្ចការ 9