26. ពេលគាត់មកដល់ក្រុងយេរូសាឡិមវិញ គាត់ព្យាយាមចូលរួមជាមួយពួកសិស្ស ប៉ុន្ដែពួកគេទាំងអស់គ្នាខ្លាចគាត់ ដោយមិនជឿថា គាត់ជាសិស្សទេ។
27. នៅពេលនោះ លោកបារណាបាសបានទទួលគាត់ ព្រមទាំងនាំគាត់ទៅជួបពួកសាវក និងរៀបរាប់ប្រាប់ពួកគេអំពីហេតុការណ៍ដែលលោកសុលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ ការដែលព្រះអង្គមានបន្ទូលមកកាន់គាត់ និងការដែលគាត់ប្រកាសដោយក្លាហានក្នុងព្រះនាមរបស់ព្រះយេស៊ូនៅក្នុងក្រុងដាម៉ាស់។
28. លោកសុលក៏នៅជាមួយពួកសាវក និងបានចេញចូលក្រុងយេរូសាឡិម ទាំងប្រកាសដោយក្លាហានក្នុងព្រះនាមព្រះអម្ចាស់ទៀតផង។
29. គាត់បានប្រកាស និងជជែកវែកញែកជាមួយពួកជនជាតិយូដាដែលនិយាយភាសាក្រេក ប៉ុន្ដែពួកគេបានប៉ុនប៉ងសម្លាប់គាត់
30. ហើយពេលពួកបងប្អូនបានដឹងពីការនេះ ពួកគេក៏នាំគាត់ចុះទៅក្រុងសេសារា បន្ទាប់មកឲ្យគាត់ទៅក្រុងតើសុស។
31. ដូច្នេះ ក្រុមជំនុំទាំងអស់ដែលនៅពាសពេញស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ដ ហើយមាំមួនឡើង ក៏រស់នៅដោយកោតខ្លាចព្រះអម្ចាស់ និងមានការកម្សាន្ដចិត្ដពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងមានចំនួនកាន់តែច្រើនឡើង។
32. រីឯលោកពេត្រុសវិញ នៅពេលធ្វើដំណើរកាត់តាមតំបន់ទាំងអស់នោះ គាត់ក៏ចុះទៅជួបពួកបរិសុទ្ធដែលរស់នៅក្នុងក្រុងលីដាដែរ។
33. នៅទីនោះ គាត់បានជួបបុរសម្នាក់ឈ្មោះ អេនាស ដែលស្លាប់ដៃជើង ដេកតែនៅលើគ្រែប្រាំបីឆ្នាំមកហើយ។
34. លោកពេត្រុសក៏និយាយទៅគាត់ថា៖ «ឱអេនាសអើយ! ព្រះយេស៊ូគ្រិស្ដបានប្រោសអ្នកហើយ ចូរក្រោកឡើង ហើយរៀបចំគ្រែរបស់អ្នកចុះ» ពេលនោះគាត់ក៏ក្រោកឡើងភ្លាម។
35. មនុស្សទាំងអស់ដែលរស់នៅក្នុងក្រុងលីដា និងស្រុកសារ៉ូនបានឃើញគាត់ដូច្នេះ ក៏ប្រែចិត្តមកឯព្រះអម្ចាស់។
36. នៅក្នុងក្រុងយ៉ុបប៉េ មានសិស្សស្រីម្នាក់ឈ្មោះតេប៊ីថា ដែលហៅថាឌ័រកាសមានន័យថាក្ដាន់។ ស្ដ្រីម្នាក់នេះបានធ្វើអំពើល្អ និងបានដាក់ទានជាច្រើន
37. ប៉ុន្ដែប៉ុន្មានថ្ងៃនោះ នាងបានធ្លាក់ខ្លួនឈឺ ហើយស្លាប់ទៅ។ ពេលពួកគេចំអាសសពរបស់នាងរួចហើយ ពួកគេក៏តម្កល់ទុកនៅបន្ទប់ខាងលើ។
38. ពេលពួកសិស្សបានឮថា លោកពេត្រុសនៅក្នុងក្រុងលីដា ហើយដោយសារក្រុងលីដានៅជិតក្រុងយ៉ុបប៉េ ដូច្នេះពួកគេក៏ចាត់មនុស្សពីរនាក់ឲ្យទៅអង្វរគាត់ថា៖ «សូមមកកន្លែងរបស់យើង កុំបង្អង់ឡើយ»
39. ដូច្នេះ លោកពេត្រុសក៏ក្រោកឡើង ហើយទៅជាមួយពួកគេ។ ពេលគាត់ទៅដល់ ពួកគេក៏នាំគាត់ទៅបន្ទប់ខាងលើ ហើយពួកស្ត្រីមេម៉ាយទាំងឡាយក៏មកឈរយំក្បែរគាត់ ទាំងបង្ហាញអាវ និងសម្លៀកបំពាក់ទាំងឡាយ ដែលនាងឌ័រកាសបានដេរ កាលនាងនៅជាមួយពួកគេនៅឡើយ។
40. ពេលនោះ លោកពេត្រុសបានឲ្យពួកគេចេញទៅក្រៅទាំងអស់គ្នា ហើយគាត់ក៏លុតជង្គង់អធិស្ឋាន រួចគាត់ក៏បែរទៅឯសព ហើយនិយាយថា៖ «តេប៊ីថាអើយ! ចូរក្រោកឡើងចុះ!» ពេលនោះ នាងក៏បើកភ្នែកឡើង។ ពេលឃើញលោកពេត្រុស នាងក៏ក្រោកអង្គុយ។
41. គាត់ក៏ហុចដៃទៅនាង ព្រមទាំងបានលើកនាងឡើង ហើយហៅពួកបរិសុទ្ធ និងពួកស្ត្រីមេម៉ាយឲ្យមក រួចគាត់ក៏បង្ហាញថានាងមានជីវិតឡើងវិញហើយ។
42. ដំណឹងនេះបានឮសុសសាយពាសពេញក្រុងយ៉ុបប៉េ ហើយមនុស្សជាច្រើនបានជឿលើព្រះអម្ចាស់។
43. លោកពេត្រុសបានស្នាក់នៅជាច្រើនថ្ងៃក្នុងក្រុងយ៉ុបប៉េជាមួយបុរសម្នាក់ឈ្មោះស៊ីម៉ូនជាអ្នកសម្លាប់ស្បែក។