កិច្ចការ 9:20-38 Khmer Christian Bible (KCB)

20. ហើយ​ភ្លាម​នោះ​ គាត់​ចាប់ផ្ដើម​ប្រកាស​នៅ​តាម​សាលា​ប្រជុំ​នានា​អំពី​ព្រះយេស៊ូ​ថា​ ព្រះអង្គ​នេះ​ហើយ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​

21. រីឯ​ពួក​អ្នក​ទាំងឡាយ​ដែល​កំពុង​ស្ដាប់​គាត់​បាន​ងឿង​ឆ្ងល់​ ហើយ​សួរ​គ្នា​ថា៖​ «តើ​មិន​មែន​ម្នាក់​នេះ​ទេ​ឬ​ ដែល​បាន​បំផ្លាញ​ពួក​អ្នក​ដែល​អំពាវនាវ​ដល់​ឈ្មោះ​នេះ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ហើយ​ដោយសារ​តែ​មូលហេតុ​នេះ​ បាន​ជា​គាត់​មក​ទីនេះ​ ដើម្បី​ចាប់ចង​ពួក​អ្នក​ទាំង​នោះ​នាំ​ទៅ​ឲ្យ​ពួក​សម្ដេច​សង្ឃ?»​

22. ទោះ​ជា​យ៉ាង​ណា​ក្ដី​ លោក​សុល​កាន់តែ​មាន​កម្លាំង​ខ្លាំង​ឡើង​ ហើយ​បាន​ផ្ចាញ់ផ្ចាល​ពួក​ជនជាតិ​យូដា​ ដែល​រស់នៅ​ក្នុង​ក្រុង​ដាម៉ាស់​ ដោយ​អះអាង​ថា​ ព្រះយេស៊ូ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ។​

23. ដូច្នេះ​ ច្រើន​ថ្ងៃ​ក្រោយ​មក​ ពួក​ជនជាតិ​យូដា​បាន​ពិភាក្សា​គ្នា​ដើម្បី​សម្លាប់​គាត់។​

24. នៅ​ពេល​នោះ​គម្រោង​ការ​របស់​ពួកគេ​បាន​ដឹង​ដល់​លោក​សុល​ ហើយ​ពួកគេ​បាន​ឃ្លាំ​មើល​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​តាម​ទ្វារ​ទាំងឡាយ​ដើម្បី​សម្លាប់​គាត់។​

25. ដូច្នេះ​ពួក​សិស្ស​របស់​គាត់​បាន​ដាក់​គាត់​ក្នុង​កញ្ជើ​មួយ​ ហើយ​សម្រូត​គាត់​ចុះ​តាម​កំផែង​ក្រុង​ទាំង​យប់។​

26. ពេល​គាត់​មក​ដល់​ក្រុង​យេរូសាឡិម​វិញ​ គាត់​ព្យាយាម​ចូល​រួម​ជាមួយ​ពួក​សិស្ស​ ប៉ុន្ដែ​ពួកគេ​ទាំង​អស់​គ្នា​ខ្លាច​គាត់​ ដោយ​មិន​ជឿ​ថា​ គាត់​ជា​សិស្ស​ទេ។​

27. នៅ​ពេល​នោះ​ លោក​បារណាបាស​បាន​ទទួល​គាត់​ ព្រមទាំង​នាំ​គាត់​ទៅ​ជួប​ពួក​សាវក​ និង​រៀបរាប់​ប្រាប់​ពួកគេ​អំពី​ហេតុការណ៍​ដែល​លោក​សុល​បាន​ឃើញ​ព្រះអម្ចាស់​នៅ​តាម​ផ្លូវ​ ការ​ដែល​ព្រះអង្គ​មាន​បន្ទូល​មក​កាន់​គាត់​ និង​ការ​ដែល​គាត់​ប្រកាស​ដោយ​ក្លាហាន​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ​នៅ​ក្នុង​ក្រុង​ដាម៉ាស់។​

28. លោក​សុល​ក៏​នៅ​ជាមួយ​ពួក​សាវក​ និង​បាន​ចេញ​ចូល​ក្រុង​យេរូសាឡិម​ ទាំង​ប្រកាស​ដោយ​ក្លាហាន​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ទៀត​ផង។​

29. គាត់​បាន​ប្រកាស​ និង​ជជែក​វែកញែក​ជាមួយ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​ ប៉ុន្ដែ​ពួកគេ​បាន​ប៉ុនប៉ង​សម្លាប់​គាត់​

30. ហើយ​ពេល​ពួក​បងប្អូន​បាន​ដឹង​ពី​ការ​នេះ​ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​ក្រុង​សេសារា​ បន្ទាប់មក​ឲ្យ​គាត់​ទៅ​ក្រុង​តើសុស។​

31. ដូច្នេះ​ ក្រុមជំនុំ​ទាំង​អស់​ដែល​នៅ​ពាសពេញ​ស្រុក​យូដា​ ស្រុក​កាលីឡេ​ និង​ស្រុក​សាម៉ារី​ ក៏​មាន​សេចក្ដី​សុខសាន្ដ​ ហើយ​មាំមួន​ឡើង​ ក៏​រស់នៅ​ដោយ​កោតខ្លាច​ព្រះអម្ចាស់​ និង​មាន​ការ​កម្សាន្ដ​ចិត្ដ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ​ព្រមទាំង​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង។​

32. រីឯ​លោក​ពេត្រុស​វិញ​ នៅ​ពេល​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំង​អស់​នោះ​ គាត់​ក៏​ចុះ​ទៅ​ជួប​ពួក​បរិសុទ្ធ​ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​ដែរ។​

33. នៅ​ទី​នោះ​ គាត់​បាន​ជួប​បុរស​ម្នាក់​ឈ្មោះ​ អេនាស​ ដែល​ស្លាប់​ដៃ​ជើង​ ដេក​តែ​នៅ​លើ​គ្រែ​ប្រាំបី​ឆ្នាំ​មក​ហើយ។​

34. លោក​ពេត្រុស​ក៏​និយាយ​ទៅ​គាត់​ថា៖​ «ឱ​អេនាស​អើយ!​ ព្រះយេស៊ូ​គ្រិស្ដ​បាន​ប្រោស​អ្នក​ហើយ​ ចូរ​ក្រោក​ឡើង​ ហើយ​រៀបចំ​គ្រែ​របស់​អ្នក​ចុះ»​ ពេល​នោះ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម។​

35. មនុស្ស​ទាំង​អស់​ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​ និង​ស្រុក​សារ៉ូន​បាន​ឃើញ​គាត់​ដូច្នេះ​ ក៏​ប្រែចិត្ត​មក​ឯ​ព្រះអម្ចាស់។​

36. នៅ​ក្នុង​ក្រុង​យ៉ុបប៉េ​ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ​តេប៊ីថា​ ដែល​ហៅ​ថា​ឌ័រកាស​មាន​ន័យ​ថា​ក្ដាន់។​ ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​អំពើ​ល្អ​ និង​បាន​ដាក់​ទាន​ជាច្រើន​

37. ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃ​នោះ​ នាង​បាន​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​ស្លាប់​ទៅ។​ ពេល​ពួកគេ​ចំអាស​សព​របស់​នាង​រួច​ហើយ​ ពួកគេ​ក៏​តម្កល់​ទុក​នៅ​បន្ទប់​ខាង​លើ។​

38. ពេល​ពួក​សិស្ស​បាន​ឮ​ថា​ លោក​ពេត្រុស​នៅ​ក្នុង​ក្រុង​លីដា​ ហើយ​ដោយសារ​ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុបប៉េ​ ដូច្នេះ​ពួកគេ​ក៏​ចាត់​មនុស្ស​ពីរ​នាក់​ឲ្យ​ទៅ​អង្វរ​គាត់​ថា៖​ «សូម​មក​កន្លែង​របស់​យើង​ កុំ​បង្អង់​ឡើយ»​

កិច្ចការ 9