12. ហើយគាត់ក៏ឃើញបុរសម្នាក់ដែរ ឈ្មោះអាណានាសនៅក្នុងសុបិននិមិត្ដបានចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់មើលឃើញវិញ»
13. ពេលនោះលោកអាណានាសឆ្លើយថា៖ «ឱព្រះអម្ចាស់អើយ! ខ្ញុំបានឮមនុស្សជាច្រើននិយាយអំពីម្នាក់នេះថា គាត់បានធ្វើអំពើអាក្រក់ច្រើនណាស់ដល់ពួកបរិសុទ្ធរបស់ព្រះអង្គនៅក្នុងក្រុងយេរូសាឡិម
14. ហើយម្នាក់នេះមកទីនេះ ដោយបានទទួលសិទ្ធិអំណាចពីពួកសម្ដេចសង្ឃ ដើម្បីចាប់ចងពួកអ្នកដែលកំពុងអំពាវនាវដល់ព្រះនាមរបស់ព្រះអង្គទាំងអស់»
15. ប៉ុន្ដែ ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាភាជនៈ ដែលខ្ញុំបានជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅចំពោះមុខសាសន៍ដទៃ ទាំងពួកស្ដេច និងកូនចៅអ៊ីស្រាអែល
16. ដ្បិតខ្ញុំនឹងបង្ហាញគាត់ឲ្យដឹងថា ដោយព្រោះឈ្មោះខ្ញុំ គាត់ត្រូវរងទុក្ខលំបាកប៉ុណ្ណា»។
17. ដូច្នេះ លោកអាណានាសក៏ចាកចេញទៅ ហើយបានចូលទៅក្នុងផ្ទះនោះ បន្ទាប់ពីដាក់ដៃលើលោកសុល គាត់ក៏និយាយថា៖ «ឱបងសុលអើយ! ព្រះអម្ចាស់យេស៊ូដែលបានបង្ហាញខ្លួនឲ្យបងឃើញនៅតាមផ្លូវដែលបងបានមកទីនេះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកដើម្បីឲ្យបងមើលឃើញវិញ និងឲ្យបងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»
18. រំពេចនោះមានអ្វីមួយដូចជាស្រកាបានជ្រុះពីភ្នែករបស់លោកសុលមក ហើយគាត់ក៏មើលឃើញវិញ រួចគាត់ក៏ក្រោកឡើងទទួលពិធីជ្រមុជទឹក