កិច្ចការ 7:7-22 Khmer Christian Bible (KCB)

7. ប៉ុន្ដែ​យើង​នឹង​ដាក់ទោស​ដល់​ជាតិ​សាសន៍​ ដែល​ពួកគេ​បាន​បម្រើ​ក្នុង​នាម​ជា​ទាសករ​នោះ។​ ព្រះជាម្ចាស់​មាន​បន្ទូល​ទៀត​ថា​ ក្រោយ​នោះ​មក​ពួកគេ​នឹង​ចាកចេញ​មក​បម្រើ​យើង​នៅ​កន្លែង​នេះ។​

8. ព្រះជាម្ចាស់​បាន​ប្រទាន​ការ​កាត់ស្បែក​ដល់​លោក​អ័ប្រាហាំ​ទុក​ជា​កិច្ច​ព្រមព្រៀង​ ដូច្នេះ​ពេល​លោក​អ័ប្រាហាំ​បង្កើត​បាន​លោក​អ៊ីសាក​ គាត់​ក៏​កាត់ស្បែក​ឲ្យ​នៅ​ថ្ងៃ​ទី​ប្រាំបី​ ក្រោយ​មក​លោក​អ៊ីសាក​បង្កើត​បាន​លោក​យ៉ាកុប​ លោក​យ៉ាកុប​បង្កើត​បាន​បុព្វបុរស​ទាំង​ដប់ពីរ​

9. ហើយ​បុព្វបុរស​ទាំង​នោះ​បាន​លក់​លោក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ​ ដោយ​ព្រោះតែ​សេចក្ដី​ច្រណែន​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​គង់​នៅ​ជាមួយ​លោក​យ៉ូសែប​

10. ហើយ​បាន​រំដោះ​គាត់​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​ទាំង​ឡាយ​ ព្រមទាំង​បាន​ប្រទាន​ឲ្យ​គាត់​មាន​ប្រាជ្ញា​ និង​ជា​ទី​គាប់​ចិត្ដ​នៅ​ចំពោះ​ស្ដេច​ស្រុក​អេស៊ីព្ទ។​ ដូច្នេះ​ស្ដេច​ក៏​តែងតាំង​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​លើ​ស្រុក​អេស៊ីព្ទ​ និង​លើ​ដំណាក់​ទាំង​មូល​របស់​ស្ដេច។​

11. គ្រា​នោះ​កើតមាន​គ្រោះ​អត់ឃ្លាន​ពាសពេញ​ស្រុក​អេស៊ីព្ទ​ និង​ស្រុក​កាណាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ រីឯ​ដូនតា​របស់​យើង​រក​អាហារ​មិន​បាន​សោះ​

12. ពេល​លោក​យ៉ាកុប​បាន​ឮ​ថា​នៅ​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ​ គាត់​ក៏​ចាត់​ដូនតា​របស់​យើង​ឲ្យ​ទៅ​ជា​លើក​ទី​មួយ​

13. នៅ​លើក​ទីពីរ​ លោក​យ៉ូសែប​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងៗ​របស់​គាត់​ស្គាល់​ ហើយ​ស្ដេច​ស្រុក​អេស៊ីព្ទ​ក៏​បាន​ដឹង​អំពី​គ្រួសារ​របស់​លោក​យ៉ូសែប​

14. លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក​របស់​គាត់​ និង​សាច់ញាតិ​ទាំង​ចិតសិប​ប្រាំ​នាក់​របស់​គាត់​ឲ្យ​មក​

15. ដូច្នេះ​លោក​យ៉ាកុប​បាន​ចុះ​ទៅ‍​ឯ​ស្រុក​អេស៊ីព្ទ​ ហើយ​គាត់​ និង​ដូនតា​របស់​យើង​បាន​ស្លាប់​នៅ​ទីនោះ។​

16. ពួកគេ​បាន​យក​សព​អ្នក​ទាំង​នោះ​ត្រលប់​មក​ក្រុង​ស៊ីគែម​វិញ​ ហើយ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដែល​លោក​អ័ប្រាហាំ​បាន​យក​ប្រាក់​មួយ​ចំនួន​ទិញ​ពី​កូនចៅ​របស់​លោក​ហេម័រ​នៅ​ក្រុង​ស៊ីគែម​

17. នៅពេល​ដែល​សេចក្ដី​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​លោក​អ័ប្រាហាំ​ជិត​បាន​សម្រេច​ នោះ​ប្រជាជន​របស់​យើង​ក៏​មាន​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​

18. រហូត​ដល់​មាន​ស្ដេច​មួយ​អង្គ​ទៀត​ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ ឡើង​គ្រងរាជ្យ​លើ​ស្រុក​អេស៊ីព្ទ។​

19. ស្ដេច​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ជនជាតិ​របស់​យើង​ ព្រមទាំង​បាន​ធ្វើបាប​ដូនតា​របស់​យើង​ ដោយ​ឲ្យ​បំបរបង់​កូនៗ​របស់​ពួកគេ​ចោល​ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​

20. គឺ​ពេល​នោះ​ហើយ​ ដែល​លោក​ម៉ូសេ​បាន​កើត​មក​ ហើយ​មាន​រូបរាង​ស្រស់​ស្អាត​នៅ​ចំពោះ​ព្រះជាម្ចាស់​ គាត់​ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​គាត់​អស់​រយៈ​ពេល​បី​ខែ​

21. រួច​ក៏​ត្រូវ​បំបរបង់​ចោល​ ប៉ុន្ដែ​បុត្រី​របស់​ស្ដេច​ស្រុក​អេស៊ីព្ទ​បាន​យក​គាត់​មក​ចិញ្ចឹម​ធ្វើ​ជា​បុត្រ​របស់​ព្រះនាង។​

22. លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ​គ្រប់​មុខ​វិជ្ជា​ទាំង​អស់​របស់​ជនជាតិ​អេស៊ីព្ទ​ ហើយ​គាត់​ពូកែ​ទាំង​នៅ​ក្នុង​ការ​និយាយ​ស្ដី​ និង​ការ​ប្រព្រឹត្ដិ។​

កិច្ចការ 7